ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​១​គ្រឿង បើក​លឿន​បុក​បង្កាន់ដៃស្ពាន​ធ្លាក់​ចូល​ព្រែក ផ្អើល​អ្នកផ្សារ​ប្រសូតិ

3 អាទិត្យ មុន

ខេត្តស្វាយរៀង​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន នៅ​តំបន់​ទីប្រជុំជន រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ប្រសូតិ លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​បាក់​បង្កាន់ដៃស្ពាន​អស់​ពាក់កណ្តាល ហើយ​ធ្លាក់​ក្បាល​រថយន្ត​ទៅ​ក្នុង​ព្រែក កៀប​ជាប់ទ្រុង​នៅ​លើ​ស្ពាន​មួយ​កំណាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ប្រសូតិ មក​ចោមរោម​មើល​។ សំណាងល្អ ហេតុការណ៍​នេះ មិន​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ឡើយ ចំណែកឯ​អ្នកបើកបរ​រង​របួសស្រាល ។

ករណី​រថយន្ត​ប្រភេទ​វ៉េ​អង បើក​បុក​បង្កាន់ដៃស្ពាន​ប្រសូតិ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចំណុច​ស្ពាន​ប្រសូតិ ស្ថិត​ក្នុងភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​វ៉េ​អង ១​គ្រឿង ពាក់​ស្លាក​លេខ 4A-1841 បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ប្រសូតិ រថយន្ត​ក៏​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ រួច​បុក​បុក​បង្កាន់ដៃស្ពាន​តែ​ម្តង ។

ចំណែក​អ្នកបើកបរ​វិញ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ងងុយដេក ហើយ​បាន​ងោក​មួយភាំង ទើប​ជ្រុល​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​បែប​នេះ​។ នេះ​ជា​សំណាងល្អ​ហើយ​ដែល​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន បើសិនជា​ជ្រុល​រេ​ចង្កូត​ចូល​ទៅ​ក្នុង​ផ្សារ​ប្រសូតិ​វិញ មិនដឹង​ជា​មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ចេញ​ពីលើ​ស្ពាន ដើម្បី​សម្រួល​ចរាចរណ៍​ឱ្យ​មានការ​ធ្វើ​ដំណើរ​ឡើង​វិញ ព្រមទាំង​នាំ​យក​រថយន្ត​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។

សមត្ថកិច្ច បាន​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​តំបន់​ទីប្រជុំជន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ខេត្តស្វាយរៀង​មាន​ករណី​រថយន្ត​បើកបរ​លឿន​ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២​ករណី និង​បុក​បង្កាន់ដៃស្ពាន​ចំនួន ១ ករណី ៖
ករណី​ទី​១៖ រថយន្ត​ម៉ាក Highlander បើក​បុក​ចូល​ផ្ទះ រួច​ក្រឡាប់​ទើរ​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។
ករណី​ទី​២៖ រថយន្តក្រុង​ដឹក​ទាហាន រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ផ្សារ​ជី​ភូ ក្រុង​បា​វិត ។
ករណី​ទី​៣៖ រថយន្ត​ប្រភេទ​វ៉េ​អង បើក​បុក​បង្កាន់ដៃស្ពាន​ប្រសូតិ ស្រុក​ស្វាយ​ទាប នេះ​តែ​ម្តង ៕