ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា INS Kulish បញ្ចប់​បេសកកម្ម​ចូល​ចត​ជា​ប្រវត្តិសាស្ត្រ រយៈពេល ៤​ថ្ងៃ នៃ​កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ​ទ្វេភាគី នៅ​មូលដ្ឋាន​សមុទ្រ​រាម ​កម្ពុជា

3 អាទិត្យ មុន

ខេត្តព្រះសីហនុ មូលដ្ឋាន​សមុទ្រ​រាម កម្ពុជា ៖ នាវា​កងទ័ពជើងទឹក​ឥណ្ឌា INS Kulish បាន​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​ចូល​ចត​ជា​ប្រវត្តិសាស្ត្រ ដែល​ជា​ការ​ចូល​ចត​លើក​ដំបូង​របស់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​មូលដ្ឋាន​សមុទ្រ​រាម ​។

ការ​ចូល​ចត​នេះ បាន​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​លំហ​សមុទ្រ​ដ៏​យូរអង្វែង រវាង​ប្រទេស​ឥណ្ឌា និង​កម្ពុជា ព្រមទាំង​បាន​ផ្តល់​ឱកាស​ដល់​នាវិក​នៃ​កងទ័ពជើងទឹក​ឥណ្ឌា និង​កងទ័ពជើងទឹក​កម្ពុជា ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ចំណេះដឹង​លើ​វិស័យ​ជា​ច្រើន រួម​មាន វិស័យ​វិជ្ជាជីវៈ ប្រតិបត្តិការ កីឡា និង​វប្បធម៌​ ។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ នាយ​នា​វី​បញ្ជាការ​នាវា INS Kulish បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា រួម​មាន លោក​ឧត្តមនាវីទោ ម៉ី ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ឯកឧត្តម លូ គឹ​ម​ឈុ​ន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ ជំនួប​សម្តែង​ការ​គួរសម​ទាំងនេះ បាន​ផ្តល់​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ និង​ការ​ស្វែងរក​កាលានុវត្តភាព ដើម្បី​កសាង និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​។

ពិធី​លៀង​សាយភោជន៍​ស្វាគមន៍​មួយ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​លើ​នាវា INS Kulish ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជា​អធិបតី​កិត្តិយស ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា សមាជិក​អង្គទូត និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។ ពិធី​លៀង​សាយភោជន៍​នេះ បាន​រំលេច​អំពី​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ឥណ្ឌា និង​កម្ពុជា ព្រមទាំង​ជា​ឱកាស​សម្រាប់​ប្រារព្ធ​អបអរសាទរ​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រជាជាតិ​ទាំង​ពីរ ​។

ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ផ្លាស់​ប្តូរ​វិជ្ជាជីវៈ កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ បាន​អនុវត្ត​ការ​ហ្វឹកហ្វឺន​រួម​គ្នា​លើ​ជំនាញ​គ្រឹះ​សំខាន់​ៗ​ចំនួន​បី ពាក់ព័ន្ធ​នឹង​សមត្ថភាព​នាវិក និង​ការ​គ្រប់គ្រង​នាវា រួម​មាន ការ​ត្រួតពិនិត្យ និង​សង្គ្រោះ​ការ​ខូចខាត ការ​ពន្លត់​អគ្គិភ័យ និង​ការ​សង្គ្រោះ​បឋម​ ។

ជាមួយ​គ្នា​នេះ ការ​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ផង​ដែរ ដោយ​បាន​ផ្តល់​ឱកាស​ដល់​នាយទាហាន និង​ពល​ទាហាន ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង កសាង​ភាព​ស្និទ្ធស្នាល និង​ពង្រឹង​ចំណងមិត្តភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​ឥណ្ឌា និង​កម្ពុជា ​។

ជោគជ័យ​នៃ​ការ​ចូល​ចត​នាវា​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​វិសាលភាព និង​ជម្រៅ​នៃ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ​រវាង​ឥណ្ឌា និង​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​កសាង​ឡើង​លើ​មូលដ្ឋាន​នៃ​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក និង​នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា មក​កាន់​កម្ពុ​ជានា​ពេល​កន្លង​មក រួម​មាន នាវា INS Sudarshini ក្នុង​ឆ្នាំ​២០១២ នាវា INS Ranvir និង INS Kamorta ក្នុង​ឆ្នាំ​២០១៥ នាវា INS Kadmatt ក្នុង​ឆ្នាំ​២០១៧ នាវា ICGS Vijit និង INS Sahyadri/INS Kiltan ក្នុង​ឆ្នាំ​២០១៩ នាវា​INS Kiltan ក្រោម​បេសកកម្ម SAGAR-III ក្នុង​ឆ្នាំ​២០២០ នាវា INS Delhi និង INS Satpura ក្នុង​ឆ្នាំ​២០២៣ ព្រមទាំង​នាវា INS Sujata និង ICGS Veera ក្នុង​ឆ្នាំ​២០២៥​។

ការ​ចូល​ចត​របស់​នាវា INS Kulish នា​ពេល​នេះ បាន​បន្ថែម​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយទៀត ក្នុង​ដំណើរ​នៃ «​ស្ពាន​មិត្តភាព​» រវាង​ឥណ្ឌា និង​កម្ពុជា ៕