ប្រទេសជប៉ុន ៖ ការរិះគន់លើកន្លែងស្នាក់នៅរបស់អត្តពលិក នៅក្នុងព្រឹត្តិការណ៍កីឡាចម្រុះទ្វីបអាស៊ី (Asian Games) ឆ្នាំ ២០២៦ នៅទីក្រុងណាហ្គូយ៉ា (Nagoya) និងខេត្តអៃឈិ (Aichi) ប្រទេសជប៉ុន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយសារការរៀបចំកន្លែងស្នាក់នៅមានសភាពចង្អៀតខ្លាំង និងខ្វះគ្រែគេង រហូតដល់មន្ត្រីកីឡាកូរ៉េខាងត្បូងចាត់ទុកថាជាកន្លែងស្នាក់នៅអន់បំផុតមិនធ្លាប់មាន។ នេះបើតាមប្រភពពីសារព័ត៌មាន Channel News Asia (CNA) ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា។
ព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០២៦ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ នៅសល់តែប៉ុន្មានថ្ងៃទៀត ពិធីបើកនឹងត្រូវធ្វើឡើង ពោលគឺនៅថ្ងៃទី១៩ ខែកញ្ញា និងគ្រោងបិទនៅថ្ងៃទី៤ ខែតុលា។ ជាការកត់សម្គាល់ ដើម្បីកាត់បន្ថយការចំណាយ គណៈកម្មការរៀបចំការប្រកួតមិនបានសង់ភូមិកីឡាដូចព្រឹត្តិការណ៍មុនៗទេ ដោយជំនួសមកវិញ អត្តពលិកត្រូវស្នាក់នៅលើកប៉ាល់ទេសចរណ៍ ផ្ទះកុងតឺន័រឈើបណ្តោះអាសន្ន និងសណ្ឋាគារ។
ទោះយ៉ាងណាក៏ដោយ បន្ទប់កុងតឺន័ររាប់រយដែលដាក់តម្រៀបជិតគ្នានោះ មានសភាពចង្អៀត ហើយគ្រែគេងទៀតសោតក៏ខ្លីខ្លាំងពេកដែរ ដែលជាលទ្ធផលអត្តពលិកផ្នែកកីឡាបាល់បោះកម្ពស់លើសពី ២ ម៉ែត្រ បានត្អូញត្អែរថា ពួកគេមិនអាចគេងសណ្តូកជើងត្រង់ លើគ្រែបានឡើយ។ ដ្បិតបន្ទប់កុងតឺន័រមួយចំនួនត្រូវដាក់មនុស្សស្នាក់នៅរួមគ្នារហូតដល់ ៤ ទៅ ៦ នាក់ឯណោះ។
ក្រៅពីនោះ បញ្ហាប្រព័ន្ធទឹក និងអាកាសធាតុ ក៏ត្រូវបានលើកឡើងមកជជែកដេញដោលផងដែរ។ លើសពីនេះ ជំនន់ទឹកភ្លៀងកាលពីសប្តាហ៍មុនបានបង្ខំឱ្យអត្តពលិកជិត ៤០០ នាក់ដែលស្នាក់នៅក្នុងផ្ទះកុងតឺន័រត្រូវជម្លៀសខ្លួនជាបណ្តោះអាសន្នទៀតផង។ មិនតែប៉ុណ្ណោះ ដោយសារចំនួនអ្នកចូលរួមបានកើនឡើងដល់ជាង ១៧ ០០០ នាក់លើសពីការរំពឹងទុកត្រឹម ១៥ ០០០ នាក់ ដែលធ្វើឱ្យមានការខ្វះខាតបន្ទប់ស្នាក់នៅយ៉ាងធ្ងន់ធ្ងរ រហូតដល់មន្ត្រីកីឡាមកពីហ្វីលីពីនខ្លះត្រូវបង្ខំចិត្តស្វែងរកកន្លែងស្នាក់នៅតាមរយៈវេទិកា Airbnb ដោយខ្លួនឯង។
ខណៈពេលដែលការបម្រើអាហារទទួលបានការសរសើរថាមានជម្រើសច្រើន និងមានជីវជាតិល្អនោះ តែបញ្ហាកន្លែងស្នាក់នៅចង្អៀតនេះ កំពុងបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងដល់ការថែទាំសុខភាព និងទម្រង់លេងរបស់អត្តពលិក។ លោក Jung Jae-yong អនុប្រធានសមាគមបាល់បោះកូរ៉េបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកមិនពេញចិត្តជាខ្លាំងចំពោះបន្ទប់ស្នាក់នៅរបស់ក្រុមបាល់បោះបុរស ហើយផ្អែកលើបទពិសោធន៍កន្លងមករបស់លោក នេះគឺជាកន្លែងស្នាក់នៅដ៏អន់បំផុតមិនធ្លាប់មាន។
រីឯកីឡាករបាល់បោះកូរ៉េខាងត្បូង Byeon Jun-hyeong ក៏បានបង្ហោះវីដេអូមួយលើបណ្តាញសង្គម ដោយបង្ហាញពីការលេចធ្លាយទឹកនៅកន្លែងលាងចាន និងកម្រាលឥដ្ឋជោកជាំក្នុងបន្ទប់ស្នាក់នៅ ដោយភ្ជាប់ជាមួយចំណងជើងថា «សូមជួយពួកយើងផង»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នករៀបចំការប្រកួតកីឡា Asian Games មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅឡើយទេ៕


ចែករំលែកព័តមាននេះ