មន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កម្ទេ.ចឡធ្យូងចំនួន២កន្លែង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ឡធ្យូងចំនួន២កន្លែង ដែលប្រជាពលរដ្ឋលួចកាប់ឈើយកមកដុតធ្វើធ្យូង ធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិព្រៃឈើទាំងតូចទាំងធំ បានត្រូវកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់វាយកម្ទេចចោល ។
ទាក់ទងនឹងឡដុតធ្យូងនេះ មន្ត្រីបរិស្ថានបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួមជាមួយមន្ត្រីឧទ្យានុរក្ស ដឹកនាំដោយលោក ថន ចាន់ អនុប្រធានការិយាល័យ នៅពេលចុះល្បាតឃ្លាំមើលបទល្មើសធនធានធម្មជាតិនៅចំណុចចំបក់ដោះពីរ ត្រង់និយាមកា ៤០៥១២១-១២៩៥៩៩០ បានប្រទះឃើញឡធ្យូងចំនួន២ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ នៅពេលឃើញនេះ ក្រុមការងារក៏បានរុះរើ និងកម្ទេចចោលនៅនឹងកន្លែង ។
មន្ត្រីបរិស្ថានបានឱ្យដឹងថា ការចុះបង្ក្រាបនេះ ក្រោយពីមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកប្រធានមន្ទីរបរិស្ថានខេត្ត ដែលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចុះល្បាត និងធ្វើការទប់ស្កាត់រាល់បទល្មើសទាំងឡាយមានដូចជា ការរុករានទន្ទ្រានរំលោភយកដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសធនធានធម្មជាតិជាដើម ហើយអ្នកប្រព្រឹត្តត្រូវតែទទួលទោសតាមច្បាប់ ។
មន្ត្រីឧទ្យានុរក្សទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករករ៉ែមាសខុសច្បាប់ខេត្តកំពង់ធំ ៖
មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ ។
គិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានដកហូតម៉ាស៊ីនបូមចំនួន ២៥គ្រឿង ក្បាលបូម១២គ្រឿង ទុយោបូមមួយចំនួន និងរុះរើទបង្ហូររ៉ែ និងសម្ភារៈមួយចំនួន ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ករណីមានការរុករករ៉ែក្នុងតំបន់ខាងលើបន្ថែមទៀត ក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការប៉ះពាល់បរិស្ថាន ។ ក្រុមការងារបាននិងកំពុងពិនិត្យ និងតាមដានលើករណីព័ទ្ធដីព្រៃធ្វើចម្ការ និងចិញ្ចឹមគោដោយគ្មានច្បាប់អនុញ្ញាត ១កន្លែងផងដែរ ។
ពេលនេះ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងឱ្យបញ្ឈប់ការរុករករ៉ែខុសច្បាប់ នៅតំបន់ខាងលើនោះ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានកំណត់ឱសានវាទចំនួន១ខែ គិតពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋដែលចូលមកបូមរ៉ែ រុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបូមបង្ហូររ៉ែខុសច្បាប់ចូលអូរសាធារណៈតទៅទៀត ។
ជាមួយគ្នានេះ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងចាត់វិធានការច្បាប់ ចំពោះករណីដែលរកឃើញថា បទល្មើសនៅតែបន្ត ៕



ចែករំលែកព័តមាននេះ