បា.ក់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ផ្ទះជាច្រើនខ្នងត្រូវបានរុះរើ ខណៈអភិបាលខេត្តចុះពិនិត្យ និងសន្យាជួសជុលច្រាំងទន្លេឡើងវិញ ពេលទឹកស្រក
- កំពង់ចាម
ខេត្តកំពង់ចាម ៖ លំនៅដ្ឋានរបស់ពលរដ្ឋនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ជាច្រើនខ្នង ត្រូវបានរុះរើ ដោយសារតែបាក់ច្រាំងទន្លេ ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងសហការី បានចុះពិនិត្យផ្ទាល់នៅព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៦ ជាមួយគ្នានោះដែរ អាជ្ញាធរក៏បានសន្យា និងជួយជួសជុលច្រាំងទន្លេក្នុងរដូវទឹកស្រកខាងមុខចៀសវាងកុំឱ្យបាក់បន្តទៀត។
អ្នកស្រី សេង ស្រីមុំ អាយុ៦៥ឆ្នាំ រស់នៅភូមិឫស្សីស្រុក បានរៀបរាប់ឱ្យដឹងថា តាំងពីកុមារភាពរហូតធំដឹងក្តី គឺគាត់រស់នៅភូមិនេះ ដោយមានលំនៅឋានតូចធំរបស់បងប្អូនពលរដ្ឋរាប់សិបខ្នងនៅតាមជួរដងទន្លេមេគង្គ។ បើនិយាយពីច្រាំងនៅមុខផ្ទះវិញគឺមានចម្ងាយប្រហែល ៥០០ទៅ៦០០ម៉ែត្រ ទើបដល់មាត់ទឹក តែគ្រោះធម្មជាតិបានបាក់ច្រាំងក្នុងរដូវវស្សាបន្តិចម្ដងៗ មកដល់កៀកនឹងផ្ទះរបស់គាត់ទៅហើយ។
អ្នកស្រីមុំ បានរៀបរាប់បន្តឲ្យដឹងទៀតថា ពេលដែលច្រាំងទន្លេបានបាក់មកកាន់តែកៀកផ្ទះ គ្រានោះធ្វើឱ្យគាត់មានអារម្មណ៍ភិតភ័យ ដេកមិនលក់ បាយមិនឆ្ងាញ់ ព្រោះតែព្រួយខ្លាចផ្ទះឈើពីរខ្នងស្រុតចូលទៅក្នុងទន្លេ។ ជាមួយនឹងការកើតមានគ្រោះធម្មជាតិនេះដែរ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ និងបានជួយអន្តរាគមន៍រុះរើផ្ទះរបស់គាត់ដោយចំណាយពេលមួយសប្តាហ៍ គិតរហូតមកដល់ព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៦ គឺបានរុះរើអស់ សល់តែកាំជណ្ដើរថ្មនៅមុខផ្ទះប៉ុណ្ណោះ។ ចំពោះគ្រឿងផ្ទះត្រូវបានបងប្អូនអ្នកភូមិ និងកម្លាំងអាជ្ញាធរបាននាំគ្នាជួយសែងយកទៅដាក់នៅកន្ទុយដីផ្នែកខាងក្រោយមានចម្ងាយពីផ្ទះចាស់ប្រហែលជិត១០០ម៉ែត្រគឺបានធ្វើរោងតូចល្មមស្នាក់នៅបណ្ដោះអាសន្ន ។ អ្នកស្រីពិតជាមានការសោកស្ដាយដោយសារតែគ្រោះធម្មជាតិបានបាក់ច្រាំងយកដីភូមិអស់ជាង៥០០ម៉ែត្រ ធ្វើឲ្យលំនៅឋានរបស់អ្នកភូមិត្រូវបានរើទៅរស់នៅកន្លែងថ្មីនិងខ្លះទៀតបានចាកចេញពីស្រុកកំណើតទៅរស់នៅខេត្តផ្សេង ពីមុនមានរាប់រយគ្រួសារតែនៅដល់សព្វថ្ងៃមិនមានច្រើននោះទេ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ក្នុងពេលចុះទៅពិនិត្យច្រាំងទន្លេបាក់នៅឃុំឫស្សីស្រុក ដោយបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធ និងមានការឯកភាពពីក្រសួងធនធានទឹកនិងឧតុនិយមបានសម្រេចជួសជុលច្រាំងទន្លេឡើងវិញ ក្រោយពីរដូវទឹកស្រកនៅក្នុងឆ្នាំ២០២៧ ខាងមុខ គឺនឹងត្រូវបានជួសជុលច្រាំងដែលមានទីតាំង រួមមាន នៅឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ស្រុកកងមាស និងទីតាំងនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បានឯកភាពជួសជុលដោយរៀបចំបាវខ្សាច់យក្សទប់ច្រាំងប្រវែង៦០០ម៉ែត្រ ដើម្បីទប់កុំឲ្យបាក់ដីបន្តទៀត យាយីដល់ផ្ទះពលរដ្ឋផ្សេង រួមទាំងសាលារៀន ៕




ចែករំលែកព័តមាននេះ