ជីវភាពដ៏គួរឱ្យសង្វេគ៖ ស្ត្រីកូនខ្ចីម្នាក់ឈឺជំងឺមហារីកជើង គ្មានប្រាក់ព្យាបាល ត្រូវពឹងលើគ្រូខ្មែរជាង១០នាក់ តែមិនធូរស្បើយ
- កំពត
ខេត្តកំពត៖ ស្ត្រីវ័យ៤២ឆ្នាំម្នាក់ មានកូនតូចៗក្នុងបន្ទុកចំនួន៤នាក់ ដែលកូនស្រីពៅ ទើបតែមានអាយុ១ខួបប៉ុណ្ណោះ កំពុងសម្រាកដេកលើកន្ទេលដោយសារជំងឺមហារីកជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅភូមិ២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ ចាន់ ធឿន អាយុ៤៣ឆ្នាំ បានរៀបរាប់ឱ្យដឹងថា កាលពីមុនគាត់មានមុខរបរជាជាងសំណង់នៅខេត្តព្រះសីហនុ ប៉ុន្តែពេលប្រពន្ធធ្លាក់ខ្លួនឈឺធ្ងន់ ទើបគាត់ឈប់ពីការងារមកនៅផ្ទះ ដើម្បីមើលថែប្រពន្ធ និងកូនៗ ។
លោកបន្តថា ដំបូងឡើយ ប្រពន្ធរបស់គាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ប៉ុន្តែអាការៈមិនបានធូរស្រាលទេ ទើបសម្រេចសុំគ្រូពេទ្យត្រឡប់មកផ្ទះវិញ ហើយបានអញ្ជើញគ្រូខ្មែរ និងគ្រូបុរាណជាង១០នាក់មកសែនព្រេន តែស្ថានភាពជំងឺនៅតែមិនប្រសើរឡើង ដោយប្រពន្ធនៅជំងឺដេកថ្ងូររហូតដល់ភ្លឺ ។
បច្ចុប្បន្ន គ្រួសារនេះ កំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងខ្លាំង ដោយសូម្បីតែអង្ករច្រកឆ្នាំងក៏គ្មានដែរ ។ កូនប្រុសច្បងដែលមានអាយុត្រឹមតែ១២ឆ្នាំ ត្រូវចេញទៅស៊ីឈ្នួលដាក់ចំណីត្រីដើម្បីបានប្រាក់១ម៉ឺនរៀល មកផ្គត់ផ្គង់គ្រួសារ ខណៈកូនៗបន្ទាប់មានអាយុ៨ឆ្នាំ ៦ឆ្នាំ និងកូនស្រីពៅអាយុ១ខួប កំពុងខ្វះទាំងទឹកដោះគោ និងខ្វះទីជម្រកផ្ទាល់ខ្លួន ដោយត្រូវស្នាក់អាស្រ័យជាមួយផ្ទះបងថ្លៃ ។
ទោះបីជាគ្រួសារនេះ មានប័ណ្ណក្រីក្រក៏ដោយ ប៉ុន្តែក្នុងមួយខែបើកបានប្រាក់ឧបត្ថម្ភត្រឹមតែជាង៣ម៉ឺនរៀលប៉ុណ្ណោះ ។ ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋានឃុំកំពង់ត្រាចធ្លាប់បានជួយឧបត្ថម្ភអង្ករខ្លះផងដែរ ។

ចែករំលែកព័តមាននេះ