ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរសាធារណការខេត្តតាកែវ បន្តចុះថែទាំ និងជួសជុលហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែ ដើម្បីធានាសុវត្ថិភាពចរាចរណ៍

3 អាទិត្យ មុន
  • តាកែវ

តាកែវ ៖ ជួប​ជាមួយ​កោះសន្តិភាព លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ បានអោយ​មន្ត្រី​ជំនាញ និង​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​បន្តសកម្មភាព​ចុះ​ថែទាំ ជួសជុល និង​ពិនិត្យ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្ត កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៦ ។

ផ្អែក​តាម​របាយការណ៍​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ វិស័យ​សាធារណការ ត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម​លើ​បណ្តាញ​ផ្លូវ​សំខាន់​ៗ រួម​មាន ការងារ​ថែទាំ​ប្រចាំ ផ្លូវជាតិ​លេខ​៣ (NR3)៖ បន្តការងារ​លាបថ្នាំ​ពណ៌​ក្បាលស្ពាន ចន្លោះ​ពី PK66+000 ដល់ PK69+000 និង​បន្តការងារ​សម្អាត​បរិក្ខារ​ផ្លូវថ្នល់ ចន្លោះ​ពី PK69+000 ដល់ PK71+000 ។ផ្លូវ​ខេត្ត​លេខ​១​តេ​កា​១ (PR1TK1)៖ បន្តការងារ​ស្រោច​កៅស៊ូ រោយ​កម្ទេច​ថ្ម និង​លុប​សំបុកមាន់ ចន្លោះ​ពី PK00+000 ដល់ PK03+000​។

ផ្លូវ​ខេត្ត​លេខ ១​តេ​កា​៦ (PR1TK6)៖ ជួសជុល​ស្រទាប់​គ្រឹះ និង​លុប​សំបុកមាន់ ចន្លោះ​ពី PK00+000 ដល់ PK03+000​។ ការងារ​ថែទាំ​ខួប​៖ ផ្លូវ​ខេត្ត​លេខ ១២៩ (PR129)៖ បន្តការងារ​ចាក់ កៀរ កិន និង​បង្ហាប់​ថ្ម​ម៉ិច (M30) បាន​ប្រវែង​២០០​ម៉ែត្រ​បន្ថែម​ទៀត (​សរុប​សម្រេច​បាន ៦០០​ម៉ែត្រ លើ​ប្រវែង​សរុប ១,៤០០​ម៉ែត្រ​) ចាប់ពី PK02+600 ដល់ PK04+000​។ ការងារ​ផ្សេង​ៗ៖ ផ្លូវជាតិ​លេខ​៤១ (NR41)៖ ចុះ​ត្រួតពិនិត្យ និង​ស្រង់​ស្ថិតិ​បរិក្ខារ​ផ្លូវថ្នល់​ជា​ប្រចាំ ។

នា​ឱកាស​នោះ លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ​បាន​បន្ត​ទៀត​ថា «​ការ​ថែទាំ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន គឺជា​ភារកិច្ច​អាទិភាព​បំផុត​ដែល​មន្ទីរ​សាធារណការ​ខេត្តតាកែវ ត្រូវធ្វើ​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ។
យើង​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ផ្លូវ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ ពោល​គឺ​ត្រូវ​ចាត់វិធានការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​ចំណាយ​តិច​»​។

លោក ណុ​ប នី ប្រធាន​មន្ទីរ​បាន​បញ្ជាក់ និង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកបើកបរ និង​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ទាំងអស់ ឱ្យ​ចូលរួម​សហការ​ថែរក្សា​សម្បត្តិ​សាធារណៈ ដោយ​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់ និង​ត្រូវ​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​ឆ្លងកាត់​ការដ្ឋាន​ដែល​កំពុង​ជួសជុល ដើម្បី​ធានា​ឱ្យ​ផ្លូវថ្នល់​ទាំងអស់​មាន​ភាពរឹងមាំ និង​ប្រើប្រាស់​បាន​យូរអង្វែង ៕