ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តស្វាយរៀង បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នៅ​ក្រុង​បា​វិត ឃាត់ខ្លួន​​វៀតណាម​១០​នាក់

4 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តស្វាយរៀង បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) បាន​ចំនួន​០១​ទីតាំង រក​ឃើញ​ជនជាតិ​វៀតណាម ចំនួន​១០​នាក់ (​ស្រី​០៤​នាក់​) នៅ​ក្រុង​បា​វិត ។
សមត្ថកិច្ច​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោកស្រី ស៊ុន យ៉ឺ​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ និង​បាន​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុង​បុរី RT Residence ស្ថិត​នៅ​ភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។

សមាសភាព​ចូលរួម​មាន លោក​អភិបាលរង​ក្រុង លោកនាយ​កា​រិ​.​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា លោក​អធិការរង​ក្រុង​លោក​អធិការរង​ក្រុង លោក​មេបញ្ជាការ​រង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង លោក​នាយករង​រដ្ឋបាល​ក្រុង មេ​ភូមិ​តា​បឹ​ប កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត និង​កម្លាំង​បង្ការ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​របស់​ខេត្ត​ប្រចាំ​ក្នុង​ក្រុង​បា​វិត ។

ប្រភព​ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​ចំនួន ១០​ទីតាំង (១០ ផ្ទះល្វែង​) ពិនិត្យ​រក​ឃើញ​ជនបរទេស​សរុប ៤៨​នាក់ ស្រី​០៩​នាក់ មាន​០២​សញ្ជាតិ ជនជាតិ​ចិន ២៩​នាក់ ស្រី​០១​នាក់ និង​វៀតណាម ១៩​នាក់ ស្រី​០៨​នាក់ ជនបរទេស​ខាងលើ​មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ត្រឹមត្រូវ ។

ក្នុង​នោះ​ដែរ ក្រុមការងារ​បាន​ធ្វើការ​បង្ក្រាប​ទីតាំង​សង្ស័យ ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) បាន​ចំនួន​០១​ទីតាំង ផ្ទះ​វីឡា ឈ្មោះ រស់ សំ​អាន ភេទ​ប្រុស ជនជាតិ​ខ្មែរ រក​ឃើញ​ជនជាតិ​វៀតណាម ចំនួន​១០​នាក់ ស្រី​០៤​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ទូរ​សព្ទ​ដៃ​ផ្ទាល់ខ្លួន ចំនួន​១២​គ្រឿង កុំព្យូទ័រ​យួរដៃ កុំព្យូទ័រ All in one លិខិតឆ្លងដែន ម៉ូនីទ័រ និង​ម៉ូតូ​ម៉ាក Honda Airblade ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ និង​អនុវត្ត​នីតិវិធី​បន្ត ៕