សមត្ថកិច្ចជំនាញផ្ទុះអាវុ.ធក្នុងរង្វង់ប្រតិបត្តិការ បង្ក្រា.បមេខ្លោងជួញដូរគ្រឿងញៀ.នយ៉ាងសកម្មក្នុងខេត្តព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាតឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្ត្រស្មុគ្រស្មាញ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី២នាក់) ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ម៉ោង៣ឈានចូលព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការផ្ទុះអាវុធនិងឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៨នាក់ ។ ក្នុងចំណោមនោះ មានពីរនាក់ប្តីប្រពន្ធ ជាមេខ្លោងជួញដូរគ្រឿងញៀនដ៍សកម្មក្នុងខេត្តព្រះសីហនុ និងជាមុខសញ្ញាចាស់ ធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីឆ្នាំ២០២៤ម្តងរួចទៅហើយ នៅតែមិនរាងចាល ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់នេះ ត្រូវបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬទទួលបានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី ។
លេខទូរស័ព្ទសម្រាប់រាយការណ៍បន្ទាន់៖ 097 778 0008 — ភាសាខ្មែរ
សូមចូលរួមទាំងអស់គ្នា ដើម្បីខេត្តព្រះសីហនុមានសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន ៕



ចែករំលែកព័តមាននេះ