រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៏ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានរួមគ្នា ប្រកាសទទួលស្គាល់ជាផ្លូវការ ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ។
ពិធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”នេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ៖ “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺជាប្រសិទ្ធនាមដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងទេសចរណ៍ ចំពោះក្រុង ស្រុក ឬខណ្ឌ ដែលមានការអនុវត្តគំរូ និងមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តបានល្អ និងត្រឹមត្រូវតាមនីតិ វិធីប្រតិបត្តិស្តង់ដារអប្បបរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ព្រមទាំងស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ គោលបំណងសំខាន់ គឺដើម្បីរួមចំណែក កាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី លើកកម្ពស់សុខភាព សុខុមាលភាព និងបង្កើតបរិយាកាសទេសចរណ៍ប្រកប ដោយសុវត្ថិភាព អនាម័យ និងភាពទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ អ្នកបម្រើការងារ និងភ្ញៀវទេសចរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្លូវថ្មើជើងចតុមុខ មានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តប្រមាណ២០ម៉ឺននាក់នាចុងសប្តាហ៍។ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកផ្លូវថ្មើជើងចតុមុខធ្វើជាតំបន់ គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី យ៉ាងពិតប្រាកដ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តជាទីក្រុងគ្មានផ្សែងបារី។ ដូច្នេះខណ្ឌសង្កាត់ ត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបង្កឡើងពីផ្សែងបារី ។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ការងារនេះមិនចប់ប៉ុណ្ណឹងទេ យើងនឹងបន្តរៀបចំឱ្យមានតំបន់ផ្សេងទៀត ជាទីក្រុងគ្មានផ្សែងបារី។ សមិទ្ធផលនេះ ជាគំរូ ជាកម្លាំងចលករសម្រាប់ខណ្ឌផ្សេងទៀតបន្តរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យក្លាយជាទីក្រុងគ្មានផ្សែងបារី។ រាជធាភ្នំពេញគឺជាច្រកទ្វារ ទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី ហើយក្នុងនោះខណ្ឌដូនពេញ គឺជាតំបន់ទេសចរណ៍ ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើន ដែលមានទាំង រមណីដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏ដូចជាផ្លូវថ្មើជើងចតុមុខជាដើម ។
ឯកឧត្តមបញ្ជាក់ថា ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីនេះ គឺជាសមិទ្ធផល ដែលកើតចេញពី កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ហើយជ័យលាភី “ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” មិនគួរត្រូវបានចាត់ទុកត្រឹមតែជាការទទួលស្គាល់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួម ដើម្បីបន្តរក្សា និងពង្រឹងបរិយាកាសទេសចរណ៍គ្មានផ្សែងបារី ប្រកបដោយសុវត្ថិភាព សុខភាព និងភាពទាក់ទាញ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរ បានបន្ថែមថា ការឱ្យពិន្ទុរបស់ផ្លូវថ្មើរជើងចតុមុខ Chaktomok Walk street រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង បានចូលទៅក្នុងលំដាប់ ដែលគេហៅថាលំដាប់លេខ២ ក្នុងចំណោមផ្លូវវ៉កស្ទ្រីត Walk street ទាំង១០ ដ៏ល្បីល្បាញនៅលើពិភពលោក ដោយសារទាំងទីតាំង ទាំងបរិស្ថាន ទាំងសោភ័ណភាព ទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយជាពិសេសទៅទៀត សម្រាប់ជាសក្ខីភាព នៃការចូលរួមអបអរសាទរ និងការទទួលស្គាល់ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៌ ដែលគ្មានផ្សែងបារីផងដែរ ។
ចំណែកលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ក៏ បានថ្លែងដែរថា ខណ្ឌដូនពេញ គឺជាបេះដូងប្រវត្តិសាស្ត្រ នៃរាជធានីភ្នំពេញ ជាទីកន្លែងដែលវប្បធម៌ ពាណិជ្ជកម្ម រដ្ឋាភិបាល សេវាកម្មបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍រួមបញ្ចូលគ្នា។ ទីនេះ គឺជាកន្លែងដែលភ្ញៀវទេសចរជាច្រើនទទួលបានចំណាប់អារម្មណ៍ខ្ពស់បំផុតអំពីប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋអ្នកធ្វើការ និងភ្ញៀវទេសចររួមរស់ និងប្រើប្រាស់ផ្លូវថ្នល់ ផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ និងទីសាធារណៈរួមគ្នា។ ខណ្ឌដូនពេញកំពុងផ្ញើសារដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដ៏សំខាន់ថា មនុស្សគ្រប់រូបគួរតែរីករាយជាមួយបេះដូងនៃរាជធានី ដោយមិនបានប្រឈមនឹងការស្រូបផ្សែងបារីពីគេ។ នេះគឺជាការជ្រើសរើស ដើម្បីឱ្យមានខ្យល់អាកាសបរិសុទ្ធ ទីសាធារណៈប្រកបដោយសុខភាពល្អ និងបទពិសោធន៍ទេសចរណ៍ដែលផ្តល់អាទិភាពដល់ភ្ញៀវទេសចរ និង ប្រជាជនជាចម្បង ៕









ចែករំលែកព័តមាននេះ