ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​សណ្ឋាគារ​មួយ​នៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៦​នាក់ និង​ដកហូត​កាំភ្លើងខ្លី​ ១​ដើម

4 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​០៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៦ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត តំណាង​លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ និង​ក្រុមការងារ​ជំនាញ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង «​សណ្ឋាគារ ណូបែល បា​វិត​ហូ​ថែ​ល​» (Nobel Bavet Hotel) ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ដកហូត​អាវុធ​ខ្លី​ម៉ាក​K59 ចំនួន​០១​ដើម និង​សម្ភារ​បទល្មើស​មួយ​ចំនួន ។

ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​សហការ​ពី​សំណាក់​លោក ម៉ែ​ន ចាន់​រ៉ា អភិបាលក្រុង​បា​វិត ព្រមទាំង​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩-១០ កញ្ញា ២០២៦ ជា​លទ្ធផល នៃ​ការ​ចុះ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ០៨​នាក់ (​ស្រី​០២​នាក់​) ទាំងអស់​ជា​ជនជាតិ​វៀតណាម ក្នុង​នោះ​មាន​លិខិតឆ្លងដែន​ចំនួន ០៤​ក្បាល ។

ប្រភព​បន្ត​ថា តាម​ការ​ពិនិត្យ​តាម​បន្ទប់​នីមួយ​ៗ រួម​មាន ៖ បន្ទប់​លេខ​៣៣០៥ រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន ០២​នាក់ (​ស្រី ០១​នាក់​) ជនជាតិ​វៀតណាម ដោយ​មាន​កាន់កាប់​លិខិតឆ្លងដែន​ត្រឹមត្រូវ​។ បន្ទប់​លេខ​២២២០ សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ និង​វត្ថុ​តាង​រួម​មាន​៖ អាវុធ​ខ្លី​ម៉ាក K59 ចំនួន ០១​ដើម បង់​ចំនួន ០១ និង​គ្រាប់​ចំនួន ០៣​គ្រាប់​, កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន ០៤​គ្រឿង​, ទូរ​សព្ទ​ដៃ​ផ្ទាល់ខ្លួន ចំនួន ១១​គ្រឿង​, លិខិតឆ្លងដែន ចំនួន ០២​ក្បាល និង​រថយន្ត​ម៉ាក អាល់​ហ្វា​ត (Alphard) ពណ៌​ស ចំនួន ០១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-8959 ។

ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ ក្រុមការងារ​បាន​សម្រេច​នាំ​ខ្លួន​ជនជាតិ​វៀតណាម ចំនួន ០៦​នាក់ (​ស្រី ០១​នាក់​) រួម​ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី​១​ដើម រថយន្ត ០១​គ្រឿង និង​សម្ភារ​អេ​ឡិច​ត្រូ​និក​ទាំងអស់ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕