លោកឧត្តមសេនីយ៍ទោស្នងការខេត្តបន្តស្រាវជ្រាវរកយុត្តិធម៌ជូនជនរងគ្រោះដោយចរាចរណ៍
- កំពត
ខេត្តកំពត ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីម និងរថយន្តព្រូស កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកឈូក បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់២នាក់ ។
ក្រោយកើតហេតុ នគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកឈូក បានឃាត់ខ្លួនអ្នកបើកបររថយន្ត និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធី ។ ជាមួយនេះ បានធ្វើរបាយការណ៍មិនប្រក្រតីទៅស្នងការដ្ឋានខេត្ត ដោយលើកពីកំហុសខាងម៉ូតូដែលជិះចូលមកគន្លងផ្លូវរថយន្តទៅវិញ ព្រមទាំងឃើញកំប៉ុងស្រាបៀរនៅនឹងម៉ូតូផង ក៏ដាក់ការសង្ស័យថាខាងម៉ូតូទំនងជាស្រវឹង ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះភាគីខាងម៉ូតូ ក្រោយពេលឃើញផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋានខេត្តផុសថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយម៉ូតូ ក៏មានប្រតិកម្មឡើង ដោយបដិសេធមិនទទួលយករបាយការណ៍ដែលរាយការណ៍ដោយអធិការនគរបាលស្រុកឈូក គឺជាការបំផ្លើសពីការពិតនិងគ្មានសុចរិតភាព ព្រមទាំងបានដោះលែងអ្នកបើកបររថយន្តឲ្យមានសេរីភាពទៀតផង ។
ជាមួយគ្នានេះ ក្រុមគ្រួសារជនរងគ្រោះបានសំណូមពរទៅលោកស្នងការនគរបាលខេត្ត បើកការស៊ើបអង្កេតស្រាវជ្រាវលើករណីនេះជាថ្មី ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះដែលស្លាប់រហូតដល់២នាក់ ។ ពេលនោះ លោកស្នងការនគរបាលខេត្ត ក៏បានផុសហ្វេសប៊ុកផ្លូវការរបស់លោកផ្សព្វផ្សាយជាសាធារណ:ជូនមហាជន និងក្រុមគ្រួសារជនរងគ្រោះដែលមានខ្លឹមសារថា «សូមជម្រាបជូនសាធារណជន ជាពិសេសក្រុមគ្រួសារភាគីអ្នកបើកម៉ូតូ ឱ្យបានជ្រាបអំពីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តព្រូស នៅស្រុកឈូកមេត្តាជ្រាបថា យោងតាមកំណត់ហេតុស្រាវជ្រាវ និងវាស់វែងនៅកន្លែងកើតហេតុរបស់ក្រុមការងារ ដែលខ្ញុំបានឱ្យចុះស្រាវជ្រាវនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលដឹកនាំដោយលោកវរសេនីយ៌ឯក លុយ ហុងឡន ស្នងការរងទទួលផែនចរាចរណ៍ បានពិនិត្យឃើញថា ករណីនេះបង្កឡើងដោយរថយន្តពិតប្រាកដមែន ដោយរថយន្តបានបើកចូលគំនូសផ្លូវម្ខាងទៀតរបស់ម៉ូតូចំនួន២តឹកកន្លះ ពីគន្លងផ្លូវរបស់រថយន្ត ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ដែលស្លាប់ ម្នាក់ឈ្មោះ អ៊ឹម សុខហេង ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក និងម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ នឹម ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំឈូក ស្រុកឈូក បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ កែម ឡៃ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិល្វេ ឃុំក្រាំងស្នាយ ស្រុកឈូក ក្រោយពីកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តចុះស្រាវជ្រាវនិងវាស់វែង ក៏បានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ។
លោកស្នងការនគរបាលខេត្ត បានលើកឡើងតាមហ្វេសប៊ុកផ្លូវការរបស់លោកថា ចំពោះលោកអធិការនគរបាលស្រុកឈូក និងអធិការរងទទួលការងារចរាចរណ៍ នឹងត្រូវស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងភាពមិនប្រក្រតី ខ្ជីខ្ជាក្នុងការរាយការណ៍មិនយកចិត្តទុកដាក់ចំពោះករណីគ្រោះថ្នាក់ខាងលើនេះ ។ ប្រសិនបើរកឃើញមានកំហុសនោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តវិន័យ របស់កងកម្លាំងនគរបាលជាតិ ដោយគ្មានការលើកលែងជាដាច់ខាត ។
ពលរដ្ឋនៅទូទាំងខេត្ត មានការសាទរចំពោះចំណាត់ការរបស់លោកស្នងការ ជាពិសេសក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណលោកស្នងការ ដែលបានយកចិត្តទុកដាក់និងរកយុត្តិធម៌យ៉ាងពិតប្រាកដ ជូនដល់ជនរងគ្រោះនិងក្រុមគ្រួសារ ។ អ្នកបង្កនិងអ្នកឃុបឃិត ត្រូវទទួលទោសតាមផ្លូវច្បាប់ដោយឥតលើកលែង ។
ទីបំផុតអធិការនគរបាលស្រុកឈូក និងអធិការរង ដែលបានឃុបឃិតគ្នាធ្វើរបាយការណ៍សជាខ្មៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋានហើយ ។ ទោះបីជាបែបណា មិនដឹងថា មានចំណាត់ការបែបណាឡើយ ៕



ចែករំលែកព័តមាននេះ