ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​៣​នាក់​​នៅ​អធិការ​ស្រុក​ឯក​ភ្នំ ​ត្រូវ​ចូល​បំភ្លឺ​នៅ​ការិយា​ល័យ​​បុគ្គលិក​លើ​សំណុំរឿង​«​យក​ប្រាក់​១,០០០​ដុល្លា​រ»​ពី​កុមារី​រង​គ្រោះ​ផ្លូវភេទ

2 ខែ មុន
  • បាត់ដំបង

ខេ​តុ្ត​បាត់ដំបង ​៖  នាយការិយាល័យ​នគរបាល​បុគ្គលិក​នៃ​ស្នងការ​ខេត្ត លោក ឡុ​ង យោធា​​វរៈ មិន​លើក​ទូរស័ព្ទ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ជុំវិញ​ការ​ចូល​បំភ្លឺ​របស់​មន្ត្រី​នគរ​បាល​ស្រុក​ឯក​ភ្នំ ក្រោម​បញ្ជា​របស់​លោកស្នងការ​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​ការ​ដកហូត​យក​ប្រាក់​​ចំនួន​១០០០​ដុល្លារពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ផ្លូវភេទ​ ។  ប៉ុន្តែ​ប្រភព​ព័​ត៌មាន​បាន​ទម្លាយ​​ថា មាន​មន្ត្រី​ចំនួន​០៣​នាក់ រួម​ទាំង​លោក​អធិការ​ផង បាន​ចូល​បំភ្លឺ​លើ​សំណុំរឿង​អាស្រូវ​ស្អុយរលួយ​នេះ​ ។​ បើ​ទោះជា​ លោក ឡុ​ង យោធា​វរៈ នាយការិ​យាល័យ​បុគ្គលិក​មិន​លើក​ទូរស័ព្ទ​និយាយ​ក្ដី  ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ដែលបាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ស្នងការ​ខេត្ត​បាន​ចេញ​បញ្ជា​ឲ្យ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​ចំនួន​០៣​នាក់ ត្រូវ​ចូល​បំភ្លឺ​ជុំវិញ​​សំណុំរឿង​អាស្រូវ​នេះ នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការ​ខេត្ត​ ។

​ប្រភព​ដដែល​បាន​ប្រាប់​ថា  មន្ត្រី​នគរបាល​អធិការ​ស្រុក​ឯក​ភ្នំ ដែល​ត្រូវ​ចូល​បំភ្លឺ​ទាំង​០៣​នាក់​រួម​មាន​៖  ១-​លោក លី ឡេ​ង តួ​នាទី​ជា​នាយ​ផ្នែក​ព្រហ្មទណ្ឌ  ២-លោក មាស ណា​រ៉ុ​ង អធិការរង​ផ្នែក​ព្រហ្មទណ្ឌ និង​៣-​លោក ឆាយ ម៉ា​ប់ អធិការ​ស្រុក​ឯក​ភ្នំ​ ។  លោក លី ឡេ​ង និង​លោក មាស ណា​រ៉ុ​ង បាន​ចូល​ទៅ​បំភ្លឺ​រួច​ហើយ  នៅឡើយ​លោក ឆាយ ម៉ា​ប់ ដែល​នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខមន្ត្រី​ការិយាល័យ​បុគ្គលិក នៅ​រសៀល​ថ្ងៃ​ទី ១០ កញ្ញា​ នេះ ពាក់ព័ន្ធ​នឹង​រឿង​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ​ថា តើ​មន្ត្រី​រូប​ណា​ជា​អ្នក​ទ​ទួល? តើ​មន្ត្រី​រូ​ប​​ណា​បាន​ទ​ទួល​ខ្លះ​? ហើយ​ថា តើ​មន្ត្រី​រូប​ណា​បាន​ចំណែក​ច្រើន​ជាង​គេ​?

​ជុំវិញ​​សំណុំរឿង​មិន​ប្រ​ក្រ​តី​នេះ  បើ​យោង​លើ​ «​សេចក្ដី​បំភ្លឺ​ព័​ត៌​មាន​» របស់​ក្រុមការងារ​ព័​ត៌​មាន​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​ខេត្តបាត់ដំបង​ លោក ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្ត បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​លើ​ករណី​នេះ​​ចំនួន​០២​ចំណុចរួម​មាន​៖  ១-​ករណី​នាយក​សាលា ឈ្មោះ ជក់ ហុង រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ  ហើយ​​ករណី​នេះ​ ត្រូវ​បាន​តំណាង​អយ្យការ​​​សាលាដំបូង​ខេត្ត  បញ្ជា​ឱ្យ​​ចូលខ្លួន​ដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​តាម​នីតិវិធី​ ។  ២-​ករណី​ដែល​លើក​ឡើង​ទាក់ទង​​ថា ម្ដាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ប្រាក់​ទៅ​មន្ត្រី​នគរបាល​ជា​អ្នក​អនុវត្ត​នោះ  លោកស្នងការ​បាន​ចាត់​ឲ្យ​ផែន​ការ​ងារ​ធនធានមនុស្ស​នៃ​ស្នងការ​ខេត្ត ធ្វើការ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ មក​ធ្វើការ​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​ ។  ប៉ុន្តែ​ពេល​នេះ​ មន្ត្រី​ការិយា​ល័យ​បុគ្គលិក​បាន​និង​កំពុង​បន្ត​នីតិវិធី​ទៅ​លើ​មន្ត្រី​០៣​រូប តាម​បទបញ្ជា​របស់​លោកស្នងការ​ហើយ តែ​ពុំ​មាន​មន្ត្រី​ណា​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ចម្លើយ​មន្ត្រី​០៣​រូប​នោះ​ទេ  រាប់​ទាំង​លោក ឡុ​ង យោធា​វរៈ នាយការិយា​ល័យ​ជំនាញ​នេះ​ផង  ព្រោះ​មិន​លើក​ទូរស័ព្ទ​ ។

​មន្ត្រី​ថ្នាក់ដឹកនាំ​នគរបាល​នៃ​អធិការ​ស្រុក​ឯក​ភ្នំ​ទាំង​០៣​នាក់​ខាងលើ​នេះ ត្រូវ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ចំនួន​១,០០០​ដុល្លារ​ក្នុង​ចំនួន​ទឹកប្រាក់​សរុប​ចំនួន​៣,៥០០​ដុល្លារ ដែល​បាន​ដកហូត​យក​ពី​ម្ដាយ​កុមារី​រង​គ្រោះ​ដោយ​ការ ​«​រំលោភ​សេព​ស​ន្ទ​វៈ​» ប្រព្រឹត្ត​ដោយ​គ្រូបង្រៀន​ម្នាក់​នៅ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ក្នុងអំឡុងពេល​មន្ត្រី​យុ​ត្តិ​ធ​ម៏​ទាំង​០៣​នាក់​នេះ ធ្វើ​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​រវាង​ភាគី​រង​គ្រោះ និង​ភាគី​​ក​។

​សាវតា​នៃ​បទល្មើស​ «​រំលោភ​សេព​ស​ន្ទ​វៈ​» ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០២៦ នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​កែវ ​​។  ជនសង្ស័យ​ឈ្មោះ ជក់ ហុង អាយុ​៦០​ឆ្នាំ មុខរបរ​ជានា​យក​សាលា​បឋម​សិក្សា​វត្ត​កែវ ​។  ជន​ល្មោភ​តណ្ហា​រូប​នេះ ត្រូវ​បាន​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​តាម​ទាន់​ជាន់កែង​ទាំង​កណ្ដាល​ថ្ងៃ នៅ​ពេល​ជន​នេះ ​កំពុង​ប្រព្រឹត្ត​អំពើ​ដ៏​ថោកទាប​ទៅ​លើ​កូនស្រី​គាត់​ដែល​ទើប​មាន​វ័យ​១២​ឆ្នាំ នៅ​ក្នុង​បន្ទាប់​ស្នាក់​នៅ​ ។  ម្ដាយ​ក្មេង​ស្រី​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ​នៅ​ថ្ងៃ​បន្ទាប់  បើ​ទោះជា​លោកនាយក​សាលា​​នោះ​ចេះ​តែ​តាម​ព្យាយាម​សុំ​សម្រប​ស​ម្រួ​ល​ក្រៅច្បាប់​ក្ដី​ ។

​បើ​តាម​សម្ដី​ម្ដាយ​កុមារី​រង​គ្រោះ បន្ទាប់​ពី​ដាក់​ពាក្យបណ្ដឹង ជនសង្ស័យ​បាន​ចាត់​តំណាង​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ហៀ​ង រ៉ាង​វុ​ធ ឲ្យ​ឆាត​មក​សុំ​បង់​សំណង​ជំងឺ​ចិត្ត​ចំនួន​៥,០០០​ដុល្លារ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​។  ប៉ុន្តែ​ទីបំផុត​ ពេល​ប្រគល់​ប្រាក់​នៅ​កន្លែង​សមត្ថកិច្ច បែរជា​ប្រគល់​ឲ្យ​គាត់​ត្រឹ​ម​តែ​ចំនួន​៣៥,០០ដុល្លារ  ហើយ​ត្រូវ​លោក​នគរបាល​ដែល​ជា​អាជ្ញាកណ្ដាល​ដកហូត​យក​អស់​ចំនួន​១,០០០​ដុល្លា​រទៅ​វិញទៀត​ ។ ពិតជា​រង​គ្រោះ​ត្រូ​ត​លើ​រង​គ្រោះ​មែន ​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ទេ ចាប់តាំងពី​ច​រចា​​បញ្ចប់រឿង​រវាង​ភាគី​ទាំង​០២ ​។

​សំណុំរឿង​ដ៏​អាស្រូវ​នេះ ត្រូវ​បាន​គេ​លាក់បាំង​ស្ងាត់ឈឹង​អស់​រយៈ​ពេល​ជិត​មួយ​ខែ ទើប​បែកធ្លាយ​ ។  ហើយ​ការ​បែកធ្លាយ​ស្អុយ​​​នេះ ទំនង​ទម្លាយ​ចេញពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ ដែល​កើត​ទុក្ខមិន​សុខចិត្ត  រឿង​លោក​អាជ្ញាកណ្ដាល​ដកហូត​យក​ប្រាក់​សំណង​អស់​១០០០​ដុល្លារ  តែ​មិន​ចាត់ការ​លើ​ជនសង្ស័យ​ ។ បណ្ដាញ​សង្គម​នានា​បាន​ទម្លុះទម្លាយ​រឿង​អ​ស្រូវ​ផ្លូ​​វ​ភេទ​នេះ ព្រោងព្រាត​បង្ហោះ​ពេញ​មេឃ  ដែល​គេ​សង្កេត​ឃើញ​ចាប់តាំងពី​ថ្ងៃ​ទី​០៧ កញ្ញា  លុះដល់​ថ្ងៃ​ទី​០៨ កញ្ញា ទើប​រង្គោះរ​ង្គើរ​ដល់​លោកស្នងការ​ខេត្ត និង​ក្រុមការងារ​ប្រតិកម្ម​រហ័សនៃស្នងការ​ស្ទុះស្ទារសរ​សរ​សារបង្ហោះតាមបណ្ដាញសង្គម ក្នុងន័យឆ្លើយតប​ទៅ​ក្រុមម​ហា​ជន​​ក្នុងបណ្ដាញសង្គម ដែលបានវាយប្រហារ​មិនសំ​​ចៃដៃ​ទៅលើភាពមិនប្រក្រតិរបស់សមត្ថកិច្ចស្រុកឯកភ្នំ ។

ស្រប​ពេលឃើញកុ្រមអ្នកលេងបណ្ដាញ​សង្គម ព្រួតគ្នាវាយមិនបន្ធូរដៃបែបនេះ លោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្ត បានបង្ហោះសារខ្លីមានន័យជ្រៅប៉ុន្មានឃ្លាភ្លាមៗ ដោយបញ្ជាឲ្យផែនធនធនមនុស្ស នៃស្នងការខេត្ត កោះហៅមន្ត្រី​ពាក់ព័ន្ធ​នៃអធិការស្រុកឯកភ្នំ មកសួរនាំ និង​ធ្វើការស្រាវជ្រាវលើករណីនេះ។ ដោយសារសំណុំរឿ​ងដ៏អាស្រូវនេះ រញ្ជួ​យ​ពេញបណ្ដាញសង្គម លោកស្នងការ​ក៏បានចេញបញ្ជាភ្លាមៗ នៅព្រឹកថ្ងៃទី​០៩ កញ្ញា ដល់មន្ត្រី​ជំនាញឲ្យធ្វើការស្រាវជ្រាវតាមចាប់ខ្លួន​ជនសង្ស័​យឈ្មោះ ជក់ ហុង ។

ស្រាប់តែប៉ុន្មានម៉ោង​ក្រោយ សមត្ថកិច្ចចាប់អូស.កលោកនាយកសាលា ល្មោភកា​មនេះមកដល់ស្នងការមួយរំពេច ខណៈជននេះដើរហើរ​ក្រៅសំ​ណាញ់ច្បាប់អស់រយៈពេលជិត០១ខែទៅហើយ ។ ទោះយ៉ាងណា ពេលនេះ ជនសង្ស័យត្រូវបានចាប់ខ្លួនហើយ នៅឡើយ តែការចូលបំភ្លឺរបស់មន្ត្រី​ថ្នាក់ដឹកនាំ​នៃអធិការស្រុកឯកភ្នំទេ ដែលគេមិនទាន់ដឹងថា តើក្រោយពីរកឃើញកំហុស លោកស្នងការនឹងមានចំណាត់ការបែបណាបន្តទៀតទៅលើលោកអាជ្ញាកណ្ដាលទាំង០៣រូបខាងលើនេះ ?​