ប្រទេសប៉ូឡូញ៖ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានរអិលចេញពីផ្លូវដែក បន្ទាប់ពីបុកជាមួយរថយន្តដឹកទំនិញនៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែក ក្នុងខេត្តនៃភាគកណ្តាលប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា បណ្តាលឱ្យមនុស្ស ២០នាក់រងរបួស ក្នុងនោះ៤នាក់រងរបួសធ្ងន់។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួ។
ប្រតិបត្តិករផ្លូវដែកប៉ូឡូញ បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅប្រមាណម៉ោង ១១៖២៥នាទីព្រឹក ម៉ោងក្នុងតំបន់ ខណៈរថភ្លើងធ្វើដំណើរពីទីក្រុង Lublin ទៅកាន់ទីក្រុង Szczecin បានបុកជាមួយរថយន្តដឹកទំនិញ ដែលបានចូលទៅក្នុងចំណុចឆ្លងកាត់ផ្លូវដែក។
ករណីនេះបានបណ្តាលឱ្យទូរថភ្លើងជាច្រើនទូរអិលចេញពីផ្លូវដែក និងបង្កឱ្យអ្នកដំណើររងរបួសសរុបចំនួន ២០នាក់ ក្នុងនោះ៤នាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់។
បន្ទាប់ពីកើតហេតុ ចរាចរណ៍រថភ្លើងនៅចន្លោះតំបន់ Wolanow និង Przysucha ត្រូវបានផ្អាក ខណៈក្រុមសេវាសង្គ្រោះបន្ទាន់បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ និងដោះស្រាយស្ថានការណ៍៕
ចែករំលែកព័តមាននេះ