ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី ត្រាំ និងពូទីន ពិភាក្សាតាមទូរស័ព្ទជុំវិញសង្គ្រាមអ៊ុយក្រែន ខណៈរុស្ស៊ីបដិសេធមានផែនការឈ្លានពានអឺរ៉ុប

1 ខែ មុន

ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ដែលត្រូវបានមន្ត្រីវិមានក្រឹមឡាំងពិពណ៌នាថា មានលក្ខណៈ «ស្ថាបនា និងត្រង់ទៅត្រង់មក» ខណៈបញ្ហាជម្លោះនៅអ៊ុយក្រែនស្ថិតក្នុងចំណោមប្រធានបទសំខាន់នៃការពិភាក្សា។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួ។

លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានឱ្យដឹងថា ការសន្ទនារវាងមេដឹកនាំទាំងពីរ មានរយៈពេលពេញមួយម៉ោង។ លោកបានបញ្ជាក់ថា ក្នុងអំឡុងកិច្ចសន្ទនា លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនមានបំណងអរិភាពចំពោះប្រទេសនៅអឺរ៉ុបឡើយ។

លោក Ushakov បាននិយាយថា ចំពោះការចោទប្រកាន់ថា រុស្ស៊ីមានបំណងអរិភាពចំពោះបណ្តាប្រទេសអឺរ៉ុប លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីមិនមានផែនការឈ្លានពានប្រឆាំងនឹងអឺរ៉ុបនោះទេ។ លោកបានចាត់ទុកការលើកឡើងអំពី «ការគំរាមកំហែងពីរុស្ស៊ី» ថាជារឿងដែលត្រូវបានផ្សព្វផ្សាយ ដើម្បីគាំទ្រដល់ការបង្កើនជំនួយរបស់បណ្តាប្រទេសអឺរ៉ុបដល់អ៊ុយក្រែន និងការបង្កើនចំណាយយោធារបស់ពួកគេ។

ដោយឡែក លោក ត្រាំ បានសង្កត់ធ្ងន់លើតម្រូវការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោក Ushakov បានបញ្ជាក់ថា ការបញ្ចប់ជម្លោះនេះ នឹងអាចបើកផ្លូវភ្លាមៗទៅរក «ឱកាសទូលំទូលាយ និងមានសក្តានុពល» សម្រាប់ការស្តារទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិកឡើងវិញយ៉ាងពេញលេញ។

មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ រួមទាំងការផ្លាស់ប្តូរអ្នកដែលត្រូវបានឃុំខ្លួន និងអ្នកដែលត្រូវបានផ្តន្ទាទោស។

ទោះជាយ៉ាងណា នៅពេលត្រូវបានសួរអំពីព័ត៌មានលម្អិតបន្ថែម លោក Ushakov បានបញ្ជាក់ថា ការសន្ទនារវាងលោក ពូទីន និងលោក ត្រាំ គឺជាកិច្ចសន្ទនាដែលមានលក្ខណៈសម្ងាត់យ៉ាងតឹងរ៉ឹង៕

​​​