រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងទាំង៤៨ លើការដោះស្រាយជំនន់ទឹកភ្លៀង ត្រូវបានអនុវត្តចប់១០០ភាគរយ តាមផែនការដែលបានគ្រោងទុក ដែលធ្វើឱ្យការជន់លិចដោយទឹកភ្លៀង នៅទីក្រុងភ្នំពេញ កាត់បន្ថយបានយ៉ាងច្រើន ខណៈប្រជាពលរដ្ឋ ក៏កំពុងតែអបអរសាទរ ។
ក្នុងសន្និសីទ ដើម្បីបង្ហាញវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃួង ស្រេង បានគូសរំលេចថា រាជធានីភ្នំពេញ គឺជាទីតាំងមួយដែលស្ថិតនៅក្នុងតំបន់ទំនាប ជាប់នឹងដងទន្លេចតុមុខ ដែលទីតាំងនេះត្រូវបានទទួលទឹកភ្លៀង មកពីបណ្តាភ្នំជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ហូរឆ្លងកាត់រាជធានីភ្នំពេញ មុននឹងចូលទៅក្នុងទន្លេ ដែលកត្តាទាំងនេះ បានធ្វើឱ្យរាជធានីភ្នំពេញ រងការជនលិចជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាម្តងៗ ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង បង្កការជនលិចហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី បានផ្តល់ហិរញ្ញប្បទានពិសេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការជន់លិច នៅទីក្រុងភ្នំពេញ ដោយផ្តល់ឥណទានពិសេស ទៅក្រសួងធនធានទឹក ក្រសួងសាធារណការ ក៏ដូចជារាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចការងារនេះ ។
លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ បានអនុវត្តនូវ៤៨គម្រោងបានចប់សព្វគ្រប់ លើបញ្ហាការរំដោះជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។
លោក បញ្ជាក់ថា “ជាលទ្ធផលគិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងទាំង៤៨គម្រោងត្រូវបានអនុវត្តចប់ ១០០ភាគរយ តាមផែនការដែលបានគ្រោងទុក។ ជាក់ស្តែងក្រោយពេល ដែលមានភ្លៀងធ្លាក់តូចធំរដូវក្នុងរដូវវស្សានេះ រាជធានីភ្នំពេញ ពិនិត្យឃើញថា ទឹកបានហូរលឿនគួរឱ្យកត់សម្គាល់ ត្រឹមរយៈពេល១៥នាទី ឬត្រឹមកន្លះម៉ោង ហើយកន្លែងខ្លះទៀត ក៏មិនមានការជន់លិច ដែលជាការកត់សម្គាល់ ហើយប្រជាពលរដ្ឋកំពុងតែអបអរសាទរ” ។
សូមបញ្ជាក់ថា ប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ ជាកម្លាំងជំរុញឱ្យទឹកហូរបានលឿន ទៅដល់ស្ថានីយ ហើយស្ថានីយក៏មានសមត្ថភាពបូមឡើងទៅស្ទឹង និងទន្លេ ដែលនាំឱ្យតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ការជន់លិចត្រូវបានកាត់បន្ថយ ធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត និងទទួលធម្មនុញ្ញផលនេះ ៕









ចែករំលែកព័តមាននេះ