ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លោក​ប៉ូ​លិស​ម្នាក់​​​បើកឡាន​កិ.ន​សត្វ​ទា​ងា.ប់​ជិត​១០០០​ក្បាល​នៅ​ស្រុក​ពាម​ជរ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​​ហើយ

1 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រយៈពេល​មួយ​ខែ​ពេញ ទីបំផុត ​រឿងរ៉ាវ​លោក​វរសេនីយ៍ទោ ចាន់ ដា​រ៉ា ប្រធាន​​ការិយាល័យ​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​ស្រវឹងស្រា ហើយ​បើកឡាន​បុក​​និង​កិន​សត្វទារបស់​​ប្រជាពលរដ្ឋ​ងាប់​អស់​ជិត​​១០០០​ក្បាលនៅ​ស្រុក​ពាម​ជរ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់រឿង​ហើយ ក្រោម​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន ​។

ការ​សម្របសម្រួល​បញ្ចប់រឿង​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី០៩ កញ្ញា នៅ​ក្នុង​សាលាឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ដោយ​ភាគី​លោក​វរសេនីយ៍ទោ ចាន់ ដា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ទទួលស្គាល់​ការ​បើក​​​កិន​សត្វទា​ងាប់​ចំនួន៩០០​ក្បាល និង​បានយល់ព្រម​សង​សំណង​ចំនួន១០​លាន​រៀល ហើយ​​ក្មួយ​ស្រី​កសិករ​ជា​ម្ចាស់​ទា​ឈ្មោះ ម៉ៃ ទូច ក៏​បាន​ព្រមព្រៀង​ទទួលយក​សំណង​នេះ​ផង​ដែរ​ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី០៩ ខែសីហា ឆ្នាំ២០២៦ លោក​វរសេនីយ៍ទោ ចាន់ ដា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បើក​បរ​រថយន្ត​ទាំង​ស្រវឹងស្រា ហើយ​បាន​បុក​កិន​ទា​របស់​កសិករ ដែល​កំពុង​ដេញ​ឆ្លងកាត់​ផ្លូវ​បណ្ដាល​ឲ្យ​ងាប់​ទា​អស់​ជិត​1000​ក្បាល​ ។

ភ្លាម​ៗ ​ក្រោយ​កើតហេតុ ភាគី​ម្ចាស់​រថយន្ត​មិន​បាន​ចរចា​​ និង​សង​សំណង​ដល់​ម្ចាស់​ទា​នោះ​ទេ ខណៈ​ដែល​ម្ចាស់​ទាបាន​ព្យាយាម​ទំនាក់​ទំនង​ទៅ​លោក​វរសេនីយ៍ទោ ចាន់ ដា​រ៉ា ជា​ច្រើន​លើក​ច្រើន​សារ  ដើម្បី​ទាមទារសំ​​​ណ​ង​ការ​ខូចខាត ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល ដល់​អស់ជម្រើស​ម្ចាស់​ទា​ក៏​បាន​បង្ហោះ​រឿងរ៉ាវ​របស់​ខ្លួននៅ​លើ​បណ្ដាញ​សង្គម ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង និង​មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើនបាន​ធ្វើការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ រហូត​ដល់​លោក​វរសេ​នីយ៍ទោ ចាន់ ដា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ទ្រាំ​លែង​បានក៏​ចេញ​មុខ​សារភាព​ទទួលស្គាល់​កំហុស និង​ព្រម​សង​សំណង​ដល់​​កសិករ​ជា​ម្ចាស់​ទា​ចំនួន១០លាន​រៀលនៅ​ព្រឹក​ថ្ងៃ​ទី០៩ កញ្ញា នេះ ដើម្បី​បញ្ចប់រឿង​តែ​ម្ដង ​​។