វង់ផឹកស៊ីដ៏កក្រើក! ផ្ទុះអា.វុ.ធ១គ្រាប់ចំភ្លៅយុវជនម្នាក់នៅខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ យោងតាមប្រភពច្បាស់ការបានអោយដឹងថា នៅល្ងាចថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៦ មានករណីផ្ទុះអវុធក្នុងវង់ផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យយុវជនម្នាក់រងរបួសភ្លៅ ត្រូវសម្រាកនៅមន្ទីពេទ្យឯកជនមួយកន្លែងក្នុងក្រុងដូនកែវ ។

យោងតាមសម្តីអ្នកភូមិជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុ គេឃើញផ្ទះស្ត្រីម្នាក់ឈ្មោះ កង សាម៉ុន មានគ្នីគ្នាជាច្រើននាក់ បានបើកវង់ផឹកស៊ី លុះរៀងយូរបន្តិចប្រហែលជាមានទំនាស់ពាក្យសម្ដី ក៏ស្រាប់តែមានស្នូរផ្ទុះអាវុធមួយគ្រាប់ ហើយក៏បានគ្នីគ្នាដឹកអ្នករបួសទៅពេទ្យ និងមានអ្នកខ្លះយកកាំភ្លើងទៅប៉ុស្ដិ៍រដ្ឋបាលឃុំលាយបូរតែម្ដង ។
ពាក់ពន្ធ័ករណីខាងលើ លោកស៊ិន ជឺ នាយប៉ុស្ដិ៍រដ្ឋបាលឃុំលាយបូរបានអោយដឹងថា ពិតជាមានករណីផ្ទុះអាវុធនៅក្នុងវង់ផឹកស៊ីក្នុងផ្ទះស្ត្រីខាងលើមែន តែបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់ថារឿងកាំភ្លើងខ្លីនៅមិនទាន់រកម្ចាស់ឃើញទេ អ្នករបួសគឺឈ្មោះសីហា ។
ចំណែកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងមានចំណាត់ការ ។ មហាជននឹងរង់ចាំតាមដានបន្តទៀត ព្រោះម្ចាស់ផ្ទះកើតហេតុ មិនមានមុខរបរអ្វីធំដុំទេ គ្រាន់តែជាអ្នកអនាម័យតាមរោងចក្រប៉ុណ្ណោះ ។



ចែករំលែកព័តមាននេះ