ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​បញ្ជូន ​១៤​ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​ ២០​នៅ​ប្រទេស​ជប៉ុន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​កីឡា​របស់កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ជូនកីឡា​ចំនួន​១៤​ប្រភេទ​ឱ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ នៅ​ទីក្រុង​ណា​កូ​យ៉ា ប្រទេស​ជប៉ុន ដែល​នឹង​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៩​ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦​។

តាម​រយៈ​សិក្ខាសាលា​ស្ដី​ពី​វិន័យ និង​ក្រមសីលធម៌​ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍ថា វគ្គ​សិក្ខាសាលា​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ផ្ដល់​នូវ​ចំណេះដឹង​និង​បទ​ពិសោធន៍​ថ្មី​ៗ ទៅ​ដឹកនាំ​កីឡាករ កីឡាការិនីចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​២០ នៅ​ទីក្រុង​ណា​កូ​យ៉ា ប្រទេស​ជប៉ុន ប្រកបដោយ​ Fair Play សុវត្ថិភាព និង​ទទួល​បាន​ជោគជ័យ​ ។

ឯកឧត្តម​វ៉ា​ត់ ចំរើន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​កីឡាករ កីឡាការិនី​ដែល​ត្រូវ​មាន​បេសកកម្ម​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​២០​នៅ​ប្រទេស​ជប៉ុន​ត្រូវ​ចាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ លើកទឹកចិត្ត​ផ្ដល់​ជា​ថាមពល​ជា​និច្ច​រាល់ពេល​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ។ ទន្ទឹម​គ្នា​នេះ​ដែរ ឯកឧត្តម​បាន​សំណូមពរ​ទៅ​ដល់​ប្រតិភូ​ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង​ក្នុង​ការ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​មុន​ពេល​ចេញដំណើរ ជា​ពិសេស​ការ​ទទួលទាន​ចំណីអាហារ​។

លោក យាន គី​ស៊ី​វុ​ត្ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បានឱ្យ​ដឹង​ថា វគ្គ​សិក្ខាសាលានេះ​មាន​តែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ចាប់ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​៩​ ខែកញ្ញា ។ ចំណែក​ប្រភេទ​កីឡា​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ទាំង​១៤​រួម​មាន​ ​កីឡាហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺ​ជី​តស៊ូ យូ​ដូ កា​រ៉ា​តេ តេ​ក្វា​ន់​ដូ​WT ទ្រី​យ៉ា​ត្លុង ចំបាប់ អ៊ី​ស្ព​ត បាល់ទាត់​លើ​តុ គុន​ចម្រុះ ទូកក្ដោង និង​សូ​ហ្វ​តេ​នី​ស ៕