ប្រើល្បឿនលឿនយ៉ាងណា! ជនជាតិចិនម្នាក់បើកឡានបុ.កគេស្លា.,ប់ហើយរត់គេច និងរេចង្កូតក្រឡាប់ហោះទៅទើរលើដំបូលផ្ទះអ្នកលក់សាច់គោ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បង្កដោយជនជាតិចិនម្នាក់បើករថយន្តក្នុងល្បឿនលឿនបុកមនុស្សស្លាប់ និងរេហោះបុកចូលផ្ទះពលរដ្ឋថែមទៀត ។

នៅមុនពេលកើតហេតុ យុវជនអាយុ២៥ឆ្នាំម្នាក់ បានបើកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិច ។ ពេលនោះ ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿង បើកបរដោយជនជាតិចិនក្នុងល្បឿនយ៉ាងលឿនស្របទិសគ្នា បានរេចង្កូតមកបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យប៉ើងបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយបង្កហេតុ អ្នកបើកបរជនជាតិចិនរូបនោះមិនបានឈប់ឡើយ ប៉ុន្តែបានបង្កើនល្បឿនបើករត់គេចប្រមាណជិត៣០០ម៉ែត្រ រួចក៏រេធ្លាក់ផ្លូវបុកបំផ្លាញបង្គោលចរាចរណ៍ ហោះបុកចូលផ្ទះលក់សាច់គោងៀតរបស់ប្រជាពលរដ្ឋ និងបុកចំបង្គោលភ្លើង បណ្តាលឱ្យរថយន្តក្រឡាប់ហោះឡើងទៅទើជាប់នៅលើដំបូលផ្ទះយ៉ាងគួរឱ្យញាក់សាច់ ។

ប្រភពឱ្យដឹងទៀតថា ហេតុការណ៍នេះបណ្តាលឱ្យស្ត្រីជាម្ចាស់ផ្ទះរងរបួសធ្ងន់ (ត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជីភូ) និងអ្នកទិញប្រមាណ៧ ទៅ៨នាក់ទៀត រងរបួសស្រាល ខណៈទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតយ៉ាងដំណំផងដែរ ។ ចំណែកអ្នកបើកបររថយន្តបង្កជាជនជាតិចិន ក៏បានរងរបួសធ្ងន់ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បានហៅរថយន្តសាមុយដឹកសពយុវជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯជនសង្ស័យជាជនជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



ចែករំលែកព័តមាននេះ