ដោះស្រាយបញ្ចប់ហើយ! ករណីកម្មករប្រមូលផ្តុំតវ៉ាបិទផ្លូវជាតិលេខ៥ ព្រឹកមិញ តំណាងរដ្ឋបាលរោងចក្រ ស្ម័គ្រចិត្តលាលែងពីតំណែង
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរ«លានហ្វាហេងយូ» ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ា និងបិទផ្លូវជាតិលេខ៥ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។
បាតុកម្មនេះ កើតឡើងដោយសារក្រុមកម្មករមិនពេញចិត្តចំពោះលោក ផុង សុខា តំណាងរដ្ឋបាលរោងចក្រ ដែលបានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកាយវិការមិនសមរម្យធាក់តុម៉ាស៊ីនលើពួកគេ ដោយកម្មករបានទាមទារដាច់ខាត ឱ្យបញ្ឈប់បុគ្គលរូបនេះចេញពីតំណែង។
ក្នុងការដោះស្រាយសភាពការណ៍ចំពោះមុខតំណាងរដ្ឋបាលខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អាជ្ញាធរស្រុកបាកាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានទៅអន្តរាគមន៍ និងសម្របសម្រួលដោយផ្ទាល់ ។
ជាលទ្ធផលនៃការសម្របសម្រួល ដល់ការលាលែងពីតំណែង លោក ផុង សុខា បានស្ម័គ្រចិត្តដាក់ពាក្យសុំលាលែងពីការងារភ្លាមៗ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នោះ តាមសំណូមពររបស់កម្មករ ។ ចំពោះដំណោះស្រាយតាមច្បាប់ អាជ្ញាធរបានទទួលយកសំណូមពរផ្សេងៗទៀត ដើម្បីបន្តដោះស្រាយដោយឈរលើគោលការណ៍«ឈ្នះ ឈ្នះ» តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ស្តីពីការងារ ដើម្បីការពារប្រាក់ចំណូលកម្មករ និងនិរន្តរភាពរបស់រោងចក្រ ។
ក្រោយពេលទទួលបានដំណោះស្រាយនេះ ក្រុមកម្មករបានយល់ព្រមរំសាយការតវ៉ា ហើយកងកម្លាំងសមត្ថកិច្ច បានសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ឱ្យដំណើរការឡើងវិញជាប្រក្រតី ៕




ចែករំលែកព័តមាននេះ