អគ្គិភ័យឆេះឃ្លាំងដាក់កម្ទេចឈើ ក្រុមហ៊ុនទ្បឥដ្ឋ មួយកន្លែង នៅស្រុកកៀនស្វាយ
- កណ្តាល
ខេត្តកណ្តាល ៖ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងដាក់កម្ទេចឈើ នៅក្នុងក្រុមហ៊ុនឡឥដ្ផ ដុងរួយជីទួន ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ នាវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ ភ្លាមៗនោះ កម្លាំងអន្តរាគមន៍ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាល កម្លាំងប៉ុស្តិ៍កំពង់ស្វាយ កម្លាំងប៉ុស្តិ៍ដីឥដ្ឋបានចុះអន្តរាគមន៍ ពន្លត់ភ្លើងដែលឆាបឆេះនោះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧ គ្រឿង។
សូមជម្រាបថា ឃ្លាំងដែលរងអគ្គិភ័យមានទំហំទទឹង៣០ម៉ែត្រ និងបណ្ដោយ១០០ម៉ែត្រ ដោយខូតខាតទាំងស្រុង។
តាមការបំភ្លឺរបស់ឈ្មោះ សាក់ សារ៉ាត់ ហៅចេក ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរជាងផ្សារដែក បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើជនជាតិចិនចំនួនបីនាក់ធ្វើការនៅក្នុងក្រុមហ៊ុន បានអោយគាត់ និងឈ្មោះថ្លាង សុភាព ភេទប្រុស អាយុ៤១ឆ្នាំ ធ្វើការកាត់អាងទឹកដែលធ្វើអំពីដែកនៅជាប់ឃ្លាំងដាក់កម្ទេចឈើ ពេលនោះគាត់ក៏បានយកធុងហ្គាស និងធុងខ្យល់យកមកប្រើដើម្បីកាត់ ខណៈពេលកំពុងបាញ់កាត់នោះ ចំហាយភ្លើងក៏ជះទៅប៉ះជញ្ជាំងសង្កសីឃ្លាំងកម្ទេចឈើ ពេលនោះធុងដាក់ខ្យល់ក៏អស់ខ្យល់ រួចគាត់ក៏ឈប់កាត់បានមួយភ្លែតក៏ឃើញមានអណ្តាតភ្លើងឆាបឆះឃ្លាំងដាក់កម្ទេចឈើតែម្តង ៕




ចែករំលែកព័តមាននេះ