ខេត្តកំពង់ចាម ៖ កម្មកររោងចក្រកៅស៊ូកែច្នៃកាំជីនម្នាក់ ឈ្មោះពិន តុល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចុងអង្ក្រង់ សង្កាត់សួង ក្រុងសួង ត្រូវបានជនមិនស្គាល់មុខមានគ្នាមិនតិចជាង២នាក់នោះទេ បានព្រួតវាយ និងកាប់យ៉ាងចាស់ដៃត្រូវមុខមាត់ និងបាក់ឆ្អឹងដងកាំបិត ដើម្បីសម្លាប់បំបិទមាត់ ហើយអូសទម្លាក់ ចូលទៅមាត់លូ ដែលមានជម្រៅប្រហែលត្រឹមចង្កេះ។
ការភ្ញាក់ផ្អើលបានកើតឡើងនៅខាងមុខរោងចក្រកាំជីន ស្ថិតក្នុងភូមិសួងខាងកើត សង្កាត់សួង ក្រុងសួង វេលាម៉ោង៤ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១១ សីហា ២០១១ ពេលនោះជនរងគ្រោះនៅមានដង្ហើមចង្រិតនៅឡើយ ក៏ត្រូវសមត្ថកិច្ចនាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ផងដែរ។ តាមការឱ្យដឹងពីលោកវរសេនីយ៍ត្រីលាង អេង អធិការនគរបាលក្រុងសួង ប្រាប់ឱ្យដឹងថា នៅពេលល្ងាចថ្ងៃទី១០ សីហា កម្មកររងគ្រោះបានបើកលុយក៏ចេញទៅរកកន្លែងផឹកស៊ី នៅហាងខារ៉ាអូខេ ណាមួយ ដែលមានទីតាំងនៅ ក្បែររោងចក្រនោះអាចមានមិត្តភក្តិច្រើននាក់មិនដឹងជាផឹករហូតដល់ថ្មើរម៉ាននោះទេ។
គ្មាននរណាដឹងថា ជនរងគ្រោះមានរឿងអ្វីឡើយ ការប្រទះឃើញនេះគឺដោយសារប្រជាពលរដ្ឋផ្អើលដេញចាប់ចោរ ហើយបញ្ចាំង ភ្លើងពិលទៅឃើញកម្មករឈ្មោះពិន តុល រងរបួសធ្ងន់ដេកនៅក្បែរមាត់លូដែលមានដក់ទឹកតិចៗ ទើបមានការចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ៕
ចែករំលែកព័តមាននេះ