ទីក្រុងហាណូយ៖ វៀតណាម និងមីយ៉ាន់បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការខាងការពារជាតិ និងសន្តិសុខជាតិ។ ប្រទេសទាំង២ចាត់ទុកវិស័យនេះជាសសរស្ដម្ភជួយទ្រទ្រង់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងឱកាសដែលប្រមុខដឹកនាំមីយ៉ាន់ម៉ា លោកមីនអុងឡាំង បំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការទទួលស្វាគមន៍ពីសំណាក់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោកតូឡឹម។

ប្រទេសទាំង២ឯកភាពគ្នាថានឹងពង្រីកកិច្ចសហប្រតិបត្តិការខាងការបណ្ដុះបណ្ដាលយោធា ការបញ្ជូនក្រុមការងារទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសទាំង២ក៏ឯកភាពក្នុងការការចែករំលែកព័ត៌មានសម្ងាត់ និងការសហការបង្ក្រាបបទល្មើសផងដែរ។ ខាងលើនេះជាការប្រកាសរបស់រដ្ឋាភិបាលវៀតណាម។ វៀតណាមបញ្ជាក់ថាខ្លួនត្រៀមខ្លួនចែករំលែកបទពិសោធនៃការអភិវឌ្ឍជាតិ ការធានាសន្តិសុខសេដ្ឋកិច្ច និងការជំរុញកំណើនប្រកបដោយចីរភាព។ ខាងលើនេះជាប្រសាសន៍របស់តូឡឹម។

ភាគីទាំង២ក៏ប្ដេជ្ញាចិត្តជាថ្មីថានឹងមិនអនុញ្ញាតឱ្យបុគ្គល ឬស្ថាប័នណាមួយប្រើប្រាស់ទឹកដីរបស់ផងខ្លួនដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលម្ខាងទៀតនោះទេ។ កិច្ចជំនួបនេះធ្វើឡើងក្នុងនាមលោកមីនអុងឡាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា។ ភាគីទាំង២យល់ថាគួរតែពង្រឹងការជឿទុកគ្នាផ្នែកនយោបាយតាមរយៈការបញ្ជូនមន្ត្រីជាន់ខ្ពស់ផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក និងប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែប្រសើរជាងនេះ។

វៀតណាម និងមីយ៉ាន់ម៉ាក៏បានឯកគ្នាផងដែរថានឹងពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពិនិត្យមើលឱកាសក្នុងការអភិវឌ្ឍកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើប ការផលិតអាហារ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល វិស័យថាមពល និងដឹកជញ្ជូន។ មេដឹកនាំទាំង២សន្យាថានឹងចូលរួមកាន់តែសកម្មនៅក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ គាំទ្រសន្តិភាព ស្ថិរភាព និងសេរីភាពខាងការធ្វើនាវាចរណ៍ និងការហោះហើរនៅសមុទ្រចិនខាងត្បូង។ កាលពីថ្ងៃសុក្រ លោកមីនអុងឡាំងធ្វើដំណើរទៅទស្សនារោងចក្រផលិតឡានអគ្គិសនីរបស់ក្រុមហ៊ុនវីនហ្វាស់ (VinFast) និងពិនិត្យមើលក្រុមហ៊ុនទូរគមនាគមន៍វៀតថែល (Viettel)៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ