ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម៖ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បញ្ជាក់ថា សិស្សជាប់និទ្ទេស A ថយចុះ ដោយសារវិញ្ញាសាគណិតវិទ្យាមានភាព​លំបាក

1 ខែ មុន
  • កំពង់ចាម

ខេត្ត​កំពង់ចាម​ ៖ «​ចំពោះ​សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ ដែល​ទទួល​បាន​និទ្ទេស​A នៅ​ទូ​ទាំង​ប្រទេស ​មានការ​ធ្លាក់​ចុះ​១០០០​នាក់ ​ក្នុង​នោះ​កំពង់ចាម​​ ថយ​ចុះ​៤០​នាក់ ដោយសារ​តែ​មុខ​វិជ្ជា​គណិត​វិទ្យា​ដែល​ដាក់​មាន​ភាព​លំបាក» ។ ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន ​និង​កីឡា ថ្លែង​​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ​​កញ្ញា ឆ្នាំ​២០២៦ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ជូន​បុគ្គលិក​អប់រំ​ក្នុង​ខេត្តកំពង់ចាមជា​ច្រើន​រយ​នាក់ ដោយ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​សាលាខេត្ត​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​លើក​ឡើងថា ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ​២០២៦ ចំពោះ​លទ្ធផល​នៅ​ខេត្តកំពង់ចាម ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​មាន​រហូត​ដល់​៨៥% គឺ​អត្រា​ជាប់​លើស​ថ្នាក់​ជាតិ​មួយ​ភាគរយ ។

​ជា​ការ​ពិត​សិស្ស​ដែល​ជាប់​និទ្ទេស​A គឺ​មាន​ភាព​សប្បាយ​រីករាយ​ ហើយ​ក្រៅពី​នេះ​ គឺ​សប្បាយ​​ទាំងអស់ តែ​សិស្ស​ដែល​ជាប់​និទ្ទេស​B​ទេ ​គឺជា​អ្នក​យំ​ព្រោះ​តូចចិត្ត​មិន​បាន​A ។

ឯកឧត្តម ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​មាន​ប្រសាសន៍​បន្ត​ថា ​ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​A B C ​គឺ​ពូកែ ​តែ​អ្នក​ដែល​ជាប់​និទ្ទេស​A គឺ​ពូកែ​គ្រប់​មុខតែ​ម្ដង​។ ដូច្នេះ ​សិស្ស​ដែល​បាន​ប្រលង​ជាប់ ​គឺ​បាន​ជ្រើសរើស​ ដើម្បី​សិក្សា​បន្ត​នៅ​ថ្នាក់ឧត្តម​សិក្សា​រាជធានី​ភ្នំពេញ ​ឬ​បន្ត​ការ​សិក្សា​នៅ​បរទេស​ដែល​ខ្លួន​ពេញចិត្ត ​។

យោង​តាម​ការ​សិក្សា​ សិស្ស​ដែល​បាន​ប្រឡង​ជាប់​និទ្ទេស​A​ គឺ​ដោយសារ​គេ​មាន​IQ​ខ្ពស់ មិនមែន​តែ​មាន​បញ្ញា​មួយ​មុខ​ទេ គឺ​សំខាន់​ការ​ខិតខំ​សិក្សា​ព្យាយាម​បង្រៀន​សូត្រ​បន្ថែម​ទៀត ​។

សម្រាប់​ជា​បទ​ពិសោធន៍​កន្លង​ទៅ ​មាន​សិស្ស​ម្នាក់​ដែល​បាន​ប្រឡង​ធ្លាក់ តែ​គាត់​បាន​ប្រឹងប្រែង​សិក្សា​រហូត​ទទួល​បាន​លទ្ធផល​ប្រឡង​ដែល​ចេញ​មក​បាន​និទ្ទេស​A ដែល​នេះ​ពិតជា​មោទនភាព​ណាស់​ ។ តាម​ការ​កត់សំគាល់ ​នៅ​​​វិទ្យាល័យ​ព្រះ​សីហ​នុ ​ក្រុង​កំពង់ចាម តាំងពី​សម័យ​មុន​មក​ដល់​ពេល​នេះ ​គឺ​អ្នក​ដែលមានចំណេះ​ដឹង​ច្រើន​ជា​បញ្ញវន្ត​ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ចេញពី​ខេត្តកំពង់ចាម ដោយ​មាន​បម្រើ​ការងារ​តាម​ក្រសួង​ស្ថាប័ន​នានា​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ​។

សូ​ម្បី​តែ​រូប​លោក (​ហង់ ជួនណា​រ៉ុ​ន​) ធ្លាប់​បាន​រស់នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម ​គ្រា​ដែល​ស្រុក​ទេស​កើតសង្គ្រាម​កាលពី​អតីតកាល ក្រោយមក​ ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​ក្រោយ​ឆ្នាំ​១៩៧៩ រូប​លោក​បាន​រៀនសូត្រ​ទទួល​បាន​ចំណេះដឹង​ខ្ពស់​រហូត​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ។

រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ប្រទេស​ជប៉ុន​ដែល​ជា​មិត្ត​របស់​កម្ពុជា ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ហូរហែ​កន្លង​មក ​មាន​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ ក្នុង​ការ​លើកកម្ពស់​​វិស័យ​អប់រំ​នៅ​កម្ពុជា ​។

ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​បែប​នេះ​ហើយ ​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​ឧបត្ថម្ភ​ទឹកប្រាក់​៧​លាន​ដុល្លារ​បន្ថែម​ទៀត ​ដើម្បី​ប្រែក្លាយ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម​ទៅ​ជា​វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម ។​