រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ កញ្ញា ២០២៦ បានបំភ្លឺ ករណីស្ត្រីម្នាក់ ដែលបានចោទប្រកាន់មកលើសមត្ថកិច្ចថា ឃាត់ខ្លួនប្តីរបស់គាត់ ដោយគ្មានមូលហេតុ នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល អំពើលួច និងចោទថា សមត្ថកិច្ចយកលុយប្តីគាត់ ៦០ម៉ឺនរៀល នៅពេលឃាត់ខ្លួន ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មានករណីលួច «យកគង» នៅចំណុចក្នុងវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នេះបើយោងតាមបណ្ដឹងរបស់ដើមបណ្តឹង ដែលជាលោកតាអាចារ្យវត្តស្វាយមាស និងសាក្សីបំភ្លឺពីព្រះសង្ឃស្ថិតក្នុងវត្តស្វាយមាស ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្តថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវស៊ើបអង្កេត និងវិភាគតាមរយៈកាមេរ៉ាសុវត្ថិភាព និងមានការសម្របសម្រួលពីលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារង ក៏បានវិនិច្ឆ័យ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង រតនា ហៅផល ភេទប្រុស អាយុ ៦៥ឆ្នាំ ដើម្បីយកសាកសួរ និងអនុវត្តនីតិវិធីបន្ត ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស គូសបញ្ជាក់ទៀតថា ចំពោះថវិកាចំនួន ៦០០.០០០រៀល(ហុកសិបម៉ឺនរៀល) ដែលស្ត្រីត្រូវជាប្រពន្ធ បានចោទមកលើសមត្ថកិច្ចថា បានយកថវិកាទាំងនេះ តាមរយៈការចុះផ្សាយព័ត៌មាន គឺសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សូមធ្វើការបដិសេធទាំងស្រុង ដោយការចោទប្រកាន់នេះ គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ។ នៅពេលការប្រគល់ជនសង្ស័យពីលោកតាអាចារ្យវត្ត ពុំបានប្រគល់ថវិកាមកជាមួយទេ ចំណែកចោទថាសមត្ថកិច្ច ប្រើអំពើហិង្សាទៅលើជនសង្ស័យ គឺជាការចោទប្រកាន់មិនពិតផងដែរ សមត្ថកិច្ចគ្មានហេតុផលណា ត្រូវប្រើហិង្សាទៅលើជនសង្ស័យនោះទេ។ ចំពោះករណីនេះ បន្ទាប់ពីសមត្ថកិច្ចប្រមូលបានភស្តុតាង ច្បាស់លាស់ អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់មានបន្ទុកបទល្មើសគ្រប់គ្រាន់ ដើម្បីកសាងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ខាងក្រោមនេះជារូបភាពវីដេអូ ពីកាម៉េរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញជនសង្ស័យធ្វើសកម្មភាពលួចគង នៅក្នុងវត្ត និងរូបភាពជនសង្ស័យបញ្ជូនមកកន្លែងសមត្ថកិច្ច) ៕
ចែករំលែកព័តមាននេះ