អភិបាលខេត្តព្រៃវែង ចុះពិនិត្យផ្លូវខេត្តលេខ៣៣០ ពីផ្សារកអណ្ដើក ដល់ច្រកទ្វាព្រំដែនស្វាយអាង៉ោង ដើម្បីលើកគម្រោងជួសជុល
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅថ្ងៃទី៤ កញ្ញា ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់លើស្ថានភាពផ្លូវខេត្តលេខ៣៣០ ដែលមានប្រវែងជាង 20 គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារកអណ្ដើក រហូតដល់ច្រកទ្វារព្រំដែនស្វាយអាង៉ោង។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការជួសជុល និងកែលម្អកំណាត់ផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
កំណាត់ផ្លូវខាងលើនេះ ត្រូវបានចាត់ទុកជាផ្លូវសេដ្ឋកិច្ចពិសេស ដ៏មានសារៈសំខាន់បំផុត តែបច្ចុប្បន្នផ្លូវនេះកំពុងរងការខូចខាតធ្ងន់ធ្ងរ និងបង្កការលំបាកជាខ្លាំងដល់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងតំបន់នេះ និងអ្នកធ្វើដំណើរឆ្លងកាត់។
តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ រដ្ឋបាលខេត្តរំពឹងថា នឹងអាចជំរុញឱ្យកិច្ចការជួសជុល និងអភិវឌ្ឍន៍ផ្លូវនេះ ចាប់ផ្ដើមបានឆាប់រហ័ស ដើម្បីធានាបាននូវភាពរលូន និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវខេត្តលេខ 330 នេះរួច ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យការរស់នៅរបស់មន្ត្រីប្រចាំការ នៅច្រកទ្វារព្រំដែនស្វាយអាង៉ោង និងច្រកទ្វារតំបន់ពាមមន្ទាផងដែរ៕






ចែករំលែកព័តមាននេះ