ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាងប្រហុកបែកធ្លាយហើយ…រឿងអាស្រូវសំណុំរឿងគ្រឿងញៀន​​

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀនកាលពី១ឆ្នាំមុន បានបែកធ្លាយភាពមិនប្រក្រតីដូចបែកពាងប្រហុករហូតឈានដល់ការផ្ទេរភារកិច្ចមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំបក់ចំនួន៣រូប ឱ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ករណីនេះ បានធ្វើឱ្យលោក មាន វុត្ថា អតីតមេប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់​ចេញមុខរៀបរាប់ជាសាធារណៈលើបណ្តាញសង្គម ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារឱ្យអតីតថ្នាក់ដឹកនាំអធិការដ្ឋាននគរ​បាល​ស្រុកបាទី ចេញមុខទទួលខុសត្រូវ ។

លោក មាន វុត្ថា បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍របស់លោក បានចុះបង្ក្រាបករណីគ្រឿងញៀននៅផ្ទះសំណាក់ «រក្សា ពេជ្រ» ស្ថិតក្នុងភូមិត្រពាំង​លាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន​៣​នាក់ រួមមាន៖ ឈ្មោះ អូន ណារ៉ាក់ ភេទប្រុស អាយុ​២៥​ឆ្នាំ ឈ្មោះ មាន មករា ភេទប្រុស អាយុ ២៥​ឆ្នាំ និងឈ្មោះ វណ្ណៈ តុងហេង ភេទប្រុស អាយុ​១៩​ឆ្នាំ ព្រមទាំងដកហូតបានម្សៅក្រាម សង្ស័យជាសារធាតុញៀន​១​កញ្ចប់ និងទូរសព្ទដៃ​៣​គ្រឿង ។ បន្ទាប់មក វត្ថុតាង និងជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិ​ការ​ដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្ត ។

យ៉ាងណាមិញ នីតិវិធីបន្តបែរជាមានភាពមិនប្រក្រតី ដោយជនសង្ស័យឈ្មោះ មាន មករា ត្រូវបានដោះលែងឱ្យមានសេរីភាព ។ ចំណែកឈ្មោះ អូន ណារ៉ាក់ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ ។ លុះក្រោយមក នៅពេលមានការបែកធ្លាយព័ត៌មានរឿងអាស្រូវនេះ ទើបខាងភាគីអធិការដ្ឋានបានទៅនាំខ្លួនឈ្មោះ អូន ណារ៉ាក់ ពីមណ្ឌលកែប្រែ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តតាកែវវិញ ។

អតីតមេប៉ុស្តិ៍រូបនេះបានបន្ថែមថា មុនពេលក្រុមការងារអធិការកិច្ចថ្នាក់លើចុះមកស្រាវជ្រាវ ខាងអធិការដ្ឋានបានណែនាំឱ្យលោកឆ្លើយភូតភរថា ជនសង្ស័យឈ្មោះ មាន មករា បាន រត់​រួចពីប៉ុស្តិ៍ ដោយសារខ្នោះដៃមានតែមួយ​អាចដាក់បានតែ២នាក់ប៉ុណ្ណោះ ។ កាលណោះ ភាគី​អធិការដ្ឋានបានអះអាង នឹងទទួលខុសត្រូវទាំងស្រុង ប្រសិនបើមានបញ្ហាអ្វីកើត
ឡើង។

ទោះជាយ៉ាងណា ក្រោយបញ្ចប់អធិការកិច្ច លោក និងមន្ត្រីក្រោមឱវាទ​២​រូបទៀត បែរជាត្រូវថ្នាក់លើសម្រេចផ្ទេរភារកិច្ចទៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៅវិញ ដែលធ្វើឱ្យលោកមិនសុខចិត្ត ដែលរងភាពអយុត្តិធម៌យ៉ាងខ្លាំង ។



ជុំវិញរឿងរ៉ាវនេះ លោក មាន វុត្ថា បានស្នើសុំឱ្យលោក ឆាយ កែវមុន្នី អតីតអធិការនគរបាលស្រុកបាទី និងលោក ហួត សៅគុណ អធិការរងទទួលផែនគ្រឿងញៀន ចេញមុខទទួលខុសត្រូវ​ចំពោះមុខច្បាប់ និងថ្នាក់លើ ព្រោះការបំភ្លឺកន្លងមក គឺលោកឆ្លើយតាមតែការបង្គាប់បញ្ជារបស់លោកទាំងពីរនាក់ប៉ុណ្ណោះ ។

ជុំវិញករណីនេះ លោកឆាយកែវមុន្នី អតីតអធិការស្រុកបាទី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ។ ចំណែកលោកហួតសៅគុណ អធិការរងនគរបាលស្រុកបាទីបានបញ្ជាក់យ៉ាងខ្លីថា រូបលោកមានថ្នាក់ដឹកនាំ ៕ ​