«ភ្នំប្រុស» ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តរាល់ថ្ងៃ ខណៈសាលាបុណ្យថ្មីស្រឡាង ១ខ្នង ចាប់ផ្តើមសាងសង់នៅលើវត្តភ្នំប្រុស
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ដោយមានទឹកចិត្តជ្រះថ្លាដើម្បីរួមចំណែកក្នុងព្រះពុទ្ធសាសនាលោកជំទាវលាង វួច ឆេង ភរិយាសម្ដេចឧត្តមទេពពញាណ ហ៊ុន ណេង បានកសាងសាលាបុណ្យមួយខ្នងសាងសង់ពីបេតុងប្រក់ក្បឿងធំទូលាយ ត្រូវបានរៀបចំពិធីបុកគ្រឹះបញ្ចុះបឋម សិលាសាងសង់ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅលើវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ឃុំក្រឡា ស្រុកកំពង់សៀម។ ជាមួយនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត។
ព្រះធម៌សីលវង្សាជិន សាវឿនចៅអធិការវត្តភ្នំប្រុស មានថារៈដិកាឲ្យដឹងថា: ទីអារាមប្រវត្តិសាស្ត្រមួយនេះដែលមានឃឿនប្រាសាទបុរាណនៅលើភ្នំដែលមានអាយុកាលខ្ទង់ឆ្នាំ ក្លាយជាតំបន់ទេសចរណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិមកលេងរាល់ថ្ងៃ។ នៅក្នុងរដូវវស្សាដើមឈើបានចោលម្លប់ប្រឈឹងប្រឆៃហើយខ្យល់បានបោកបក់មកធ្វើឲ្យអ្នកមកលេងមានអារម្មណ៍ធូរស្រាលមួយកំរិតផងដែរ។
ព្រះចៅអធិការវត្តភ្នំប្រុសបានបន្តហើយដឹងទៀតថា កាលពីសម្ដេចទេពញាណហ៊ុន ណេង នៅមានព្រះជន្ម បានបរិច្ចាគថវិកាជាហូរហែដើម្បីកសាងសមិទ្ធិផលនៅក្នុងទីអារាមភ្នំប្រុសសម្រាប់បម្រើប្រយោជន៍ដល់បងប្អូនពុទ្ធបរិស័ទចំណុះជាងវត្តជិតឆ្ងាយ។ជាក់ស្ដែងសាលាបុណ្យដែលត្រូវបានបុកគ្រិះសាងសង់នេះគឺដើម្បីបំពេញបុណ្យកុសលសម្រាប់ពុទ្ធបរិស័ទទូទៅទាំងអស់ក្នុងនោះមានទាំងភ្ញៀវជាតិនិងអន្តរជាតិគ្រប់ទិសទី មិនថាក្នុងឬក្រៅប្រទេសនោះទេ ឱ្យមកធ្វើបុណ្យឬបំពេញបុណ្យនៅទីតាំងនេះតែម្ដង។
សូមបញ្ជាក់ថានៅត្រង់ទីតាំងដែលបានប្រារព្ធពិធីនេះពីមុនគឺមានកុដិតូចមួយសម្រាប់ព្រះសង្ឃគង់នៅដែលមានសភាពចាស់ផងនោះ ត្រូវបានលោកជំទាវលាង វួចឆេង សម្ដេចទេពពញាណ ហ៊ុន ណេង បានសម្រេចកសាងសាលាបុណ្យថ្មីស្រឡាងដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនា។
ព្រះចៅអធិការវត្តភ្នំប្រុសបញ្ជាក់ថា ព្រះអង្គត្រូវបានមន្ទីរធម្មការនិងសាសនាតែងតាំងឲ្យធ្វើជាព្រះចៅអធិការវត្តភ្នំប្រុសក្នុងអំឡុងឆ្នាំ២០២២ រហូតមកដល់សព្វថ្ងៃ ជាមួយនោះមានព្រះសង្ឃចំនួន៤១អង្គ គង់នៅវត្តនេះហើយនិងបានរៀនព្រះធម៌នៅសាលាពុទ្ធិកបឋមសិក្សាភ្នំប្រុស ស្ថិតនៅជើងភ្នំ ។ ដោយសារតែទីតាំងវត្តមួយនេះអំណោយផលល្អរួមផ្សំនឹងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងថ្នាក់ដឹកនាំឯទៀតបានធ្វើឲ្យសមិទ្ធិផលក្នុងទីអារម្មណ៍មួយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបានក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ សូម្បីតែពេលដែលកម្មវិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យក៏មានភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍បានជិះរថយន្តឡើងមកលើភ្នំកំសាន្តលេងផងដែរ ៕




















ចែករំលែកព័តមាននេះ