រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ភោជនីយដ្ឋានខារ៉ាអូខេ ហុយផ្សែងខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១១ សីហា ២០១១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ស្ត្រីម្នាក់បម្រើការផ្នែកគិតលុយត្រូវភ្លើងឆេះរលាករោលពេញខ្លួន និងពុលផ្សែងផង ប៉ុន្មាននាទីក្រោយមកស្លាប់ដោយសារពេលភ្លើងកំពុងឆេះគឺនាងជាប់នៅក្នុងបន្ទប់ទឹក…ការខូចខាតមានទំហំធំគ្រាន់បើ ទោះជាប្រហែល៣០នាទីត្រូវរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចដល់បាញ់ទឹកពន្លត់ឱ្យរលត់សាបសូន្យយ៉ាងណាក៏ដោយ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយទ្រលោមចេញពីភោជនីយដ្ឋាន និងខារ៉ាអូខេយីហោធានអានម៉ិន ទើបមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋរត់មកចោមរោមមើល និងជួយអន្តរាគមន៍ពន្លត់ ក៏ប៉ុន្តែភោជនីយដ្ឋាននោះ ត្រូវបានម្ចាស់គេចាក់សោពីក្រៅឃើញដូច្នេះប្រជាពលរដ្ឋយកដុំថ្មគប់បំបែកកញ្ចក់ ហើយរាយការណ៍ឱ្យអាជ្ញាធរមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។ ភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គិភ័យពីរគ្រឿង បានមកដល់ចំណុចកើតហេតុ ស្របពេលមេការភោជនីយដ្ឋានមកចាក់សោផងដែរ ហើយរថយន្តបានបាញ់ទឹកជាបន្តបន្ទាប់រយៈពេល៣០នាទី ទើបភ្លើងរលត់ទាំងស្រុង ។ នៅក្នុងអគ្គិភ័យនេះបណ្តាលឱ្យស្ត្រីបម្រើការខារ៉ាអូខេខាងលើម្នាក់ ផ្នែកគិតលុយបានស្លាប់ ដោយសារតែភ្លើងឆេះបិទផ្លូវរកច្រកចេញមិនរួច ហើយពុលផ្សែងផង និងរលាកផង។ ស្ត្រីម្នាក់នេះមានឈ្មោះអ៊ុំ អូន អាយុ២៦ឆ្នាំ នាងត្រូវបានសមត្ថកិច្ចចម្រុះជួយសង្គ្រោះចេញពីក្នុងបន្ទប់ទឹក ដោយសារតែនាងដេកលង់លក់ក្នុងបន្ទប់ទឹកតាំងពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា នេះបើតាមមិត្តភក្តិនាងរងគ្រោះនិយាយឱ្យដឹង។
សមត្ថកិច្ចបាននិយាយថា កៅអី ពូក តុ ទូរទស្សន៍ និងសម្ភារផ្សេងៗទៀតត្រូវឆេះខូចខាតអស់ ដែលវាអាចផ្តើមឆេះចេញពីកន្លែងគិតលុយ ។ ភោជនីយដ្ឋាន និងខារ៉ាអូខេ នេះចាប់ផ្តើមបម្រើសេវាពីម៉ោង៥ល្ងាចរហូតដល់ពាក់កណ្តាលអធ្រាត្រ។ ក្រោយពីទទួលរងអគ្គិភ័យភោជនីយដ្ឋានខាងលើត្រូវបានអាជ្ញាធរសុំឱ្យបិទទ្វារជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតព្រោះមានមនុស្សស្លាប់ទៅហើយ ៕
ចែករំលែកព័តមាននេះ