ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! អា​មេ​រិ​ក​បញ្ចេញ​កាក់​១​ដុល្លារ​មាន​រូប​លោក ត្រាំ បំបែក​ប្រវត្តិសាស្ត្រ​រយៈពេល​១០០​ឆ្នាំ

1 ខែ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាក់​ប្រាក់​អនុស្សាវរីយ៍​តម្លៃ ១ ដុល្លារ​អា​មេ​រិ​ក ដែល​មាន​រូប​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ត្រូវ​បាន​រោង​ពុម្ព​ផលិត​ប្រាក់​អា​មេ​រិ​ក (U.S. Mint) ប្រកាស​ដាក់​ឱ្យ​ចរាចរ និង​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ ២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​)​។ ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យ​លោក​ក្លាយជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ដំបូង​គេ​នៅ​ក្នុង​រយៈពេល​១០០​ឆ្នាំ ដែល​មាន​រូប​បោះពុម្ព​នៅ​លើ​រូបិយប័ណ្ណ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី BBC និង Euronews​។

US Mint បាន​ដាក់​ឱ្យ​ដំណើរការ​កាក់​អនុស្សាវរីយ៍​តម្លៃ ១ ដុល្លារ​អា​មេ​រិ​ក ដែល​មាន​រូប​លោក ត្រាំ រួម​ជាមួយ​ពាក្យស្លោក «​យើង​ជឿជាក់​លើ​ព្រះ​» ឬ «In God we trust» ដើម្បី​អបអរសាទរ​ខួប​លើក​ទី ២៥០ នៃ​ឯករាជ្យ​ជាតិ ដោយ​បាន​បញ្ជាក់​ថា កាក់​ប្រាក់​កំណែ​ពិសេស​នេះ បាន​បង្ហាញ​ពី​ស្មារតី មោទនភាព និង​កេរដំណែល​នៃ​ប្រជាជាតិ​មួយ ដែល​កំពុង​ខិត​ជិត​ដល់​ខួប​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ កាក់​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ​ដ៏​សំខាន់ ជាមួយនឹង​ការ​រចនា​សម្រាប់​ខួប​អនុស្សាវរីយ៍​ដ៏​កម្រ​មួយ ដែល​កំណត់​ថា​ជា​ការ​បំពេញបន្ថែម​ដ៏​លេចធ្លោ​សម្រាប់​ការ​ផលិត​កាក់​ប្រាក់​នា​សម័យ​ទំនើប​។

កាក់​មាន​ពណ៌​មាស ប៉ុន្តែ​ផលិត​ឡើង​ពី​ល្បាយ​លោហៈ​ស័ង្កសី ម៉​ង់​ហ្គា​ណែ​ស នី​កែ​ល និង​ទង់ដែង​ទាំងនេះ ដែល​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៦១ ដុល្លារ សម្រាប់​១​បំពង់​មាន ២៥ កាក់ និង ១៥៤,៥០​ដុល្លារ សម្រាប់​១​កញ្ចប់​មាន ១០០ កាក់​នោះ ត្រូវ​បាន​រាយការណ៍​ថា លក់​អស់ពី​ស្តុក​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ US Mint ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ដាក់​លក់​ជា​ផ្លូវការ​។
កាលពី​ខែឧសភា​កន្លង​ទៅ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក លោក ស្កុ​ត បេ​សិន (Scott Bessent) ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ក្រសួង​កំពុង​រៀបចំ​ផែនការ​បោះពុម្ព​ក្រដាសប្រាក់ ២៥០ ដុល្លារ​អា​មេ​រិ​ក​ថ្មី ដែល​មាន​រូប​របស់​លោក ត្រាំ ប៉ុន្តែ​ច្បាប់​សហព័ន្ធ​បាន​ហាមឃាត់​ការ​បោះពុម្ព​រូបិយប័ណ្ណ​អា​មេ​រិ​ក​មាន​រូប​បុគ្គល​នៅ​មានជីវិត​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក ត្រាំ នៅ​ក្នុង​សភា​បាន​ដាក់​ស្នើ​ច្បាប់​ដែល​អាច​បង្កើត​ការ​លើកលែង​មួយ ប៉ុន្តែ​សំណើ​នោះ​បច្ចុប្បន្ន​កំពុង​ជាប់​គាំង​។

យ៉ាងណាមិញ ស្ថិត​ក្រោម​ច្បាប់​ពិសេស​ឆ្នាំ ២០២០ ដែល​ត្រូវ​បាន​អនុម័ត​តាំងពី​អាណត្តិ​ទី​១ របស់​លោក ត្រាំ ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​រចនា​កាក់​ពិសេស​សម្រាប់​អបអរសាទរ​ខួប ២៥០​ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​។ នៅ​ក្នុង​អត្ថបទ​ច្បាប់​នោះ មាន​ចែង​ហាម​មិន​ឱ្យ​ដាក់​រូប​បុគ្គល​នៅ​មានជីវិត​លើ​ខ្នង​កាក់ តែ​មិន​បាន​ចែង​ហាមឃាត់​ចំពោះ​ការ​ដាក់​លើ​ផ្នែក​ខាង​មុខ​កាក់​ឡើយ​។ ដូច្នេះ​ហើយ​ទើប​បានជា​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ចាប់​យក​ចំណុច​នេះ​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់ ដើម្បី​ដាក់​រូប​លោក ត្រាំ នៅ​ផ្នែក​ខាង​មុខ​កាក់​។

គួរ​រំលឹក​ជូន​ថា នេះ​មែន​ជា​លើក​ទី​១​នោះ​ទេ ខណៈ​កាក់ ៥០ សេន​ដុល្លារ​អា​មេ​រិ​កមួយ​ប្រភេទ ធ្លាប់​ត្រូវ​បាន​បោះពុម្ពផ្សាយ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ១៥០ នៃ​ទិវា​ឯករាជ្យ​ជាតិ ក្នុង​ឆ្នាំ ១៩២៦ ដោយ​មាន​រូប​លោក Calvin Coolidge ដែល​ជា​ប្រធានាធិបតី​នា​ពេល​នោះ​។ ដូច្នេះ​តាម​រយៈ​នេះ លោក ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ដំបូង​គេ​ក្នុង​រយៈពេល​១០០​ឆ្នាំ ដែល​មាន​រូប​នៅ​លើ​កាក់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​៕