រាជធានីភ្នំពេញ ៖ គណបក្សនយោបាយជាង១០ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសគាំទ្រចំពោះ សំណើររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសនៅវេទិការប្រធានសភា នៃអន្តរសភាលើកទី២ ស្នើ បង្កើតក្រុមអ្នកសង្កេតការណ៍អន្តរសភា ដើម្បីតាមដានការអនុវត្តបទឈប់បាញ់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក សែម សម្បត្តិ ប្រធានគណបក្សមហានគរ តំណាងគណ បក្សនយោបាយ ដែលប្រកាសគាំទ្រកាស្នើរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា ៖ «ពួកយើងបានឯកភាពគ្នាចេញសេចក្តី ថ្លែងការណ៍រួមមួយ ដើម្បីគាំទ្រការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេលកន្លងមកនេះ ដោយលោកបានផ្តួចផ្តើមតយុទ្ធសាស្ត្រ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរសភា ពិនិត្យលើស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន» ។
ប្រធានគណបក្សមហានគរ បានលើកឡើងថា ប្រកាសគាំទ្រនេះ តាមរយៈគណបក្សនយោបាយ ដែលជាសម្ព័ន្ធភាពជាមួយគ្នា។គោលបំណងយើងធ្វើសន្នីសីទពេលនេះ គឺប្តេជ្ញាចិត្តគាំទ្រ យ៉ាងម៉ឺងម៉ាត់ចំពោះការស្នើសុំរបស់សម្តេចតេជោ ក្នុងការស្នើសុំបង្កើត ក្រុមអ្នកសង្កេតការណ៍ក្នុងការពិនិត្យមើលការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា-ថៃ ។
លើសពីនេះលោកប្រធានគណបក្ស បានលើកឡើងថា តាមការរយៈការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវេទិការប្រធានសភា នៃអន្តរសភា កន្លងមកនេះ ខ្ញុំយល់ថា កម្ពុជាមិនត្រឹមតែរៀបចំសន្នីសីទប្រធានសភា នៃអន្តរសភាប៉ុណ្ណោះទេ គឺកម្ពុជាបានរៀបចំ យុទ្ធសាស្ត្រសន្តិភាព ច្បាស់លាស់សម្រាប់តួរអង្គ នៃប្រធានអន្តរសភា ទាំង៣០ប្រទេស ដែលបានចូលរួមសន្នីសីទ កន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយយុទ្ធសាស្ត្រការទូតតាមរយៈសន្និសីទនេះ ។
លោកប្រធានគណបក្ស ក៏បានអះអាងថា អត្ថប្រយោជន៍ ដែលកម្ពុជាទទួលបានពីសន្នីសីទប្រធានសភា នៃអន្តរសភានេះមាន ៖ ទី១.កម្ពុជាចង់បង្ហាញជំហរសន្តិភាព ទៅកាន់ពិភពលោកថា ការដោះស្រាយជម្លោះដាច់ខាតត្រូវតែឈរលើស្មារតីសន្តិភាព មិន អាចយកការដោះស្រាយបញ្ហាតាមរយៈកម្លាំងយោធាឈ្លានពាន ដើម្បីជាការកំណត់បំពានព្រំដែនបានទេ។
ទី២. ស្មារតីសាមគ្គី ឯកភាពរវាងគោលនយោបាយការទូតសម្រាប់ប្រធានអន្តរសភា ដែលបានចូលរួមក្នុងសន្នីសីទ។ កម្ពុជាក៏បាន ប្តេជ្ញារួមគ្នា និងបង្ហាញអំពីហេតុផលរបស់កម្ពុជា ទៅកាន់ពិភពលោក ពិសេសនោះជាសារទៅកាន់ពិភពលោកថា កម្ពុជាមិនត្រូវការផលិតអាវុធ គឺកម្ពុជាត្រូវការសន្តិភាពសម្រាប់ការអភិវឌ្ឍន៍ សម្រាប់ការដោះស្រាយ គ្រប់ស្ថានការណ៍ ពិសេសនោះឥទ្ធិពលដែលគ្រប់ដណ្តប់ផ្នែកនយោបាយ។
លោក សែន សម្បត្តិ ក៏បានលើកទៀតថា សន្នីសីទនេះក៏បានបង្ហាញពីការរួមគ្នាថា ប្រជាជនយើងអាចរស់នៅក្នុងសន្តិភាព សេចក្តីថ្លៃថ្នូរ សុខដុម និងវិបុលភាព ហើយផ្តល់តម្លៃខ្ពស់តាមរយៈសន្តិភាពផងដែរ។ លើសពីនេះ ក្នុងនាមកម្ពុជាស្រឡាញ់សន្តិភាព យើងតែងតែប្រកាន់ភ្ជាប់គោរពច្បាប់អន្តរជាតិ ពិសេសការការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោល សភាពការណ៍ព្រំដែនកម្ពុជានៅពេលនេះ គឺកម្ពុជាមិនទទួលយកការណ៍កំណត់ព្រំដែនកម្ពុជា-ថៃ ដោយការប្រើប្រាស់កម្លាំងយោធានោះទេ។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ការសន្ទនាគ្នា គោរពអធិបតេយ្យភាពរវាងគ្នា ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ ផ្គុំគ្នាជាមួយ យន្តការ ដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នា តាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ ។
សម្ដេចតេជោ ចាត់ទុកថា បណ្ដាញសម្រុះសម្រួលនេះ ត្រូវតែឈានជើងឱ្យផុត នៃការតឹងរឹង នៃមនោគមវិជ្ជា ដែលអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើងបង្កជាសង្គ្រាមទ្រង់ទ្រាយធំ ៕




ចែករំលែកព័តមាននេះ