ខេត្តព្រៃវែង ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់វាខ្នោះ ដោយជាប់ចោទពីបទរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូគេជិះ ហើយយកទៅលក់ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងការពារវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា នៅចំណុចភូមិទួលជ្រៃ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។ ជនដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ទុយ សៅ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើ ឡើងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យឹម ម៉ៅ ភេទប្រុស អាយុ៣៨ ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នា បានចោទប្រកាន់ថា កាលពីថ្ងៃទី៨ កក្កដា ២០២៦ ជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួន មួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW 3041 ថាជិះទៅទិញម្ហូប រួចក៏យកទៅបាត់ឈឹងរហូតតែម្ដង ។
សមត្ថកិច្ច បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ជនសង្ស័យក៏បានត្រឡប់ចូលស្រុកវិញ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ហើយតាមចម្លើយសារភាពរបស់ជនសង្ស័យ ម៉ូតូ១គ្រឿងនោះ គេបានជិះយកទៅលក់នៅភ្នំពេញ បានលុយដើរចាយវាយផឹកស៊ីអស់ទៅហើយ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ