ហាក់ដូចមើលមិនឃើញ ? សាលមហោស្រពខេត្តតាកែវ ឆេះស្ទើរទាំងស្រុងជាង ១ឆ្នាំហើយ អត់ជួសជុលវិញ
- តាកែវ
ខេត្តតាកែវ ៖ សាលមហោស្រពខេត្តតាកែវ ដែលជាសំណង់មានអាយុកាលជិតកន្លះសតវត្សរ៍ និងធ្លាប់ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍សិល្បៈ វប្បធម៌ និងកម្មវិធីសាធារណៈជាច្រើននៅក្នុងខេត្ត ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥ កន្លងមក គឺជាងមួយឆ្នាំហើយ ស្ថិតនៅភូមិ ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
អគ្គិភ័យបានកើតឡើងខណៈពេលមានការរៀបចំពិធីប្រគល់សញ្ញាបត្រជូនសិស្សជាង ១៤០នាក់ របស់មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសអាយឌា ។ កាលនោះសមត្ថកិច្ចនៃអធិការនគរបាលក្រុងដូនកែវ បានឱ្យដឹងថា មុនពេលកើតហេតុ គឺកម្មវិធីកំពុងដំណើរការ និងចាប់ផ្តើមកម្មវិធីរាំរបាំជូនពរ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីផ្នែកដំបូលខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើល និងរត់ចេញពីអគារជាបន្ទាន់ រលាយអស់កម្មវិធី ។
ជាសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬបាត់បង់ជីវិតក្នុងចំណោមលោកគ្រូ អ្នកគ្រូ និងសិស្សដែលចូលរួមកម្មវិធីឡើយ ។ ក្រោយអគ្គិភ័យបានរលត់ អគារសាលមហោស្រពត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយឆេះស្ទើរទាំងស្រុង រួមទាំងសម្ភារមួយចំនួនដែលមាននៅក្នុងអគារផងដែរ ។ ប៉ុន្តែអ្វីដែលកំពុងក្លាយជាចម្ងល់របស់ប្រជាពលរដ្ឋ គឺបន្ទាប់ពីហេតុការណ៍អគ្គិភ័យកន្លងផុតទៅជាងមួយឆ្នាំហើយ តើសាលមហោស្រពខេត្តតាកែវមានវាសនារស់ឡើងវិញពេលណា ?
រហូតមកដល់ពេលនេះ មិនទាន់ឃើញមានព័ត៌មានជាក់លាក់អំពីគម្រោងជួសជុល ស្តារ ឬអភិវឌ្ឍសាលមហោស្រពនេះឡើងវិញនៅឡើយទេ ។ សំណង់ដែលធ្លាប់ជាទីកន្លែងសម្រាប់សកម្មភាពសិល្បៈ និងវប្បធម៌របស់ខេត្ត កំពុងស្ថិតក្នុងសភាពខូចខាត ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវនៅតែបន្តមានការយកចិត្តទុកដាក់ ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ការអភិវឌ្ឍទីក្រុង គឺជារឿងសំខាន់ ប៉ុន្តែការថែរក្សា និងស្តារឡើងវិញនូវសំណង់ដែលមានតម្លៃសម្រាប់សិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខេត្ត ក៏មិនគួរត្រូវបានមើលរំលងដែរ ។ ពួកគាត់ចង់ឃើញអាជ្ញាធរពាក់ព័ន្ធមានការបង្ហាញជាសាធារណៈអំពី ស្ថានភាពបច្ចុប្បន្ន ផែនការ និងទិសដៅអនាគតរបស់សាលមហោស្រពខេត្តតាកែវ ថាតើនឹងមានការជួសជុល សាងសង់ឡើងវិញ ឬមានគម្រោងអភិវឌ្ឍជារូបរាងថ្មីយ៉ាងណា ដើម្បីកុំឱ្យទីតាំងមួយដែលមានតម្លៃផ្នែកវប្បធម៌ និងសិល្បៈនេះបន្តស្ថិតក្នុងភាពស្ងាត់ស្ងៀម ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ