ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចត្រីងៀតឆ្លៀតពងហើយ ! ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ ​មិន​គោរព​ការ​ណែនាំ​ធ្វើ​ឱ្យ​ខ្សាច់​ជ្រុះ​រាយ​តាម​ផ្លូវ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រថយន្ត​ធំ​ៗ​ប្រភេទ​វេ​អង ​(V1) មាន​ទ្រុង​វែង​ៗ​បាន​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​លក់​គ្រួ​ស​ខ្សាច់ នៅ​ភូមិ​តា​មៀង​ ឃុំ​កោះរ​ការ ស្រុក​កំពង់សៀម រាល់ថ្ងៃ​កាត់​តាម​ផ្លូវថ្នល់ ដោយ​ហូរ​កំពប់​ស្រក​ទាំង​ទឹក​ដោយ​មិន​ខ្លាច​រអែង​ និង​គោរព​តាម​ការ​ណែនាំ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​នោះ​ឡើយ​ ប្រៀបដូចត្រីងៀតឆ្លៀតពងហើយ ។​

លោក​ ផ​ន ផូ មេឃុំ​កោះ​រកា​ប្រាប់​ឲ្យ​ដឹង​ថា​ ចំពោះ​ដេប៉ូ​លក់​ខ្សាច់​ទាំង​បី​កន្លែង​នៅ​ក្នុងភូមិ​តា​មៀង​នោះ​មាន ១-​ឆ​យ គឹ​ម​សែ ២-​ហៀ​ង វិបុល​ និង​អ្នក​ទី​បី​មិន​ចាំ​ឈ្មោះ បាន​ធ្វើ​អាជីវកម្ម​លក់ដូរ​រាល់ថ្ងៃ​ ។ ​ជាមួយ​នោះ​ អាជ្ញាធរ​ធ្លាប់​បាន​ណែនាំ​ឲ្យ​ពួក​គាត់​សម្អាត​ខ្សាច់​ដែល​ជ្រុះ​រាយ​ប៉ាយ​នៅ​មាត់​ច្រកចូល​កន្លែង​ដេប៉ូ​នីមួយ​ៗឱ្យ​​ស្អាត តែ​មានការ​យឺតយ៉ាវ​ធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​ដដែល សូ​ម្បី​តែ​រូប​លោក​ផ្ទាល់​ធ្លាប់​ជិះ​ម៉ូតូ​ប៊ិះ​ដួល​ស្រប​ពេល​ដែល​រថយន្ត​មក​ពីក្រោយ​សំណាង​ណាស់​ដែល​មិន​អី​ ។

លោក​មេឃុំ​កោះ​រកា​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មាន​ពេល​ខ្លះ​ប្រជាពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ថា​រថយន្ត​ដឹក​ខ្សាច់​បាន​បង្ករ​សំឡេង​រំខាន​និង​ដឹក​ខ្សាច់​មិន​បាន​គ្រប​ទទួល​បាន​ព័ត៌មាន​នេះ​អាជ្ញាធរ​ចុះ​ទៅ​ណែនាំ​ជា​បន្តបន្ទាប់ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ដេប៉ូ​ទាំង​បី​កន្លែង​គោរព​ច្បាប់​ ។​ អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ដោយ​ខ្លាច​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្រុត​ខូច​ផ្លូវ​ជាមួយនឹង​បញ្ហា​ប្រឈម ​បើ​ខ្សាច់​នៅ​តែ​ជ្រុះ​រាយ​ប៉ាយ​បែប​នេះ​ និងរអិល​​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​និង​សិស្សសាលា​ដែល​មក​រៀន​នៅ​វិទ្យាល័យ​តា​មៀង​ ។

លោក​ ហៀ​ង វិបុល ម្ចាស់​ដេ​បូរ​ខ្សាច់​បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី ១​ ខែកញ្ញា ឆ្នាំ ​២០២៦ ​ថា ក្រោយ​ពី​មានការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ទាំង​បី​កន្លែង​នាំ​គ្នា​គោរព​ច្បាប់​ដោយ​រថយន្ត​ដែល​ចូល​មក​ដឹក​មិន​ឲ្យ​លើស​ទម្ងន់​នោះ​ទេ​ ។​ ហើយ​បើ​បើក​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​គេ​រក​ឃើញ​លើស​ទម្ងន់​នឹង​ត្រូវ​ផាកពិន័យ​ ។

លោក​ នួន គង់​ស​ល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឱ្យ​ដឹង​ថា មន្ត្រី​របស់​លោក​ធ្លាប់​បាន​ចុះ​ទៅ​ណែនាំ​តាម​ដេប៉ូ​លក់​គ្រួ​ស​ខ្សាច់​ក្នុង​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​ជា​រឿយ​ៗ តែ​ពេល​ដែល​ម​ន្ត្រី​ជាប់រវល់​កិច្ចការ​ផ្សេង ម្ចាស់​ដេប៉ូ ​បើមិន​គោរព​គឺ​ត្រីងៀត​ឆ្លៀត​ពង​ធ្វើ​ឱ្យ​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​ដដែល ​។ ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​អភិបាលខេត្ត​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​បន្ថែម​ទៀត​ ។

លោក​ ធី​ម វេ ប្រធាន​ស្ថានីយថ្លឹង​រថយន្ត​លើ​កំណត់​ផ្លូវជាតិ​លេខ​ ៧ ក្នុងស្រុក​កំពង់សៀម បានឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆមាស​ទី ​១ ​ឆ្នាំ ​២០២៦ រថយន្ត​គ្រប់​ប្រភេទ​ដែល​បាន​បើក​ឆ្លងកាត់​កន្លែង​ថ្លឹង​រថយន្ត​សរុប​មាន​ចំនួន​ជាង​៣​ម៉ឺន​គ្រឿង ក្នុង​នោះ​បាន​រក​ឃើញ​ដឹក​លើស​ទម្ងន់​ ៣២​គ្រឿង ត្រូវ​បាន​ផាកពិន័យ​សរុប​ទឹកប្រាក់​ជាង​៥៣​លាន​រៀល ​។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​