ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា មន្ត្រីជលផលខេត្តព្រៃវែង បានដឹកនាំកម្លាំងសហគមន៍នេសាទចំនួន ៣ សហគមន៍ ធ្វើការចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ និងវាលបឹងធម្មជាតិ ក្នុងស្រុកពាមជរ ដើម្បីការពារកុំឲ្យមានជនខិលខូច ឈ្លៀតឱកាសលួចប្រព្រឹត្តបទល្មើសនៅក្នុងរដូវបិទនេសាទនេះ ។
លោក ហ៊ុន សាវី នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានឱ្យដឹងថា សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើងនៅចំណុច បឹងបាក់ឪ ស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ដោយមានការចូលរួមពីសង្កាត់រដ្ឋបាលជលផលពាមជរ សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកពាមជរ និងកម្លាំងសហគមន៍នេសាទចំនួន ៣ ក្រុមទៀត ដែលមានគ្នាសរុប ១៦នាក់ និង ប្រើប្រាស់កាណូត០២គ្រឿង ។
លោក ហ៊ុន សាវី បានបញ្ជាក់ថា ជាលទ្ធផលក្នុងការចុះបង្ក្រាបនេះ មន្ត្រីជំនាញដកហូតបាន លូស្បៃមុងចំនួន ៤៥មាត់ របាំងព្រួលស្បៃមុងប្រវែង ៣១៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ១១៥០ដើម ឧបករណ៍ទាំងនេះត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោលភ្លាមៗនៅហ្នឹងកន្លែង ព្រមទាំងបានចាក់ព្រលែងកូនត្រីចម្រុះចំនួន១២៥គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញផងដែរ ៕











ចែករំលែកព័តមាននេះ