អភិបាលរងខេត្ត ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ នាំឱ្យធ្លាក់ចុះសីលធម៌សង្គម ក្នុងក្រុងសៀមរាប
- សៀមរាប
ខេត្តសៀមរាបះ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៦ នេះ លោក លី សារី អភិបាលរង ខេត្តសៀមរាប បានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការណែនាំ និង ធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមួយដែលបានដាក់តាំងលក់សម្លៀកបំពាក់មួយចំនួនក្នុងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនូវពាក្យ អសុរោះ និងមិនគួរគប្បី ដែលវាអាចជះឥទ្ធិ ពលអវិជ្ជមានដល់សង្គមជាតិ មិនតែប៉ុណ្ណោះថែម ទាំងទាញឱ្យគុណតម្លៃអក្សរសាស្ដ្រជាតិធ្លាក់ចុះផងដែរ។ លោក លី សារី អភិបាល រង ខេត្ត មានប្រសាសន៍ថា ការចុះណែនាំ និង ធ្វើកិច្ចសន្យានេះ មិនមានគោលបំណងរារាំងដល់ការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករយើងនោះទេ ប៉ុន្តែជាការអប់រំ និងចូលរួមទប់ស្កាត់ការផ្សព្វ ផ្សាយនូវខ្លឹមសារដែលមិនសមរម្យនៅក្នុងទីសាធារណៈ ពិសេសខ្លឹមសារដែលប្រើពាក្យអសុរោះ គ្រោតគ្រាត ឬ ប៉ះពាល់ដល់សីលធម៌ និង សុជីវធម៌របស់សង្គម។
លោក បានបញ្ជាក់ថា សម្លៀក បំពាក់ជាវត្ថុដែលមនុស្សប្រើប្រាស់ជាប្រចាំ និងអាចបង្ហាញជាសាធារណៈបានយ៉ាងទូលំទូលាយ ដូច្នេះការបោះពុម្ពពាក្យ ពេចន៍ ឬសារដែលមិនសមរម្យលើអាវយឺត អាចធ្វើឱ្យកុមារ យុវជន និង សាធារណជនទូទៅ ទទួលយក ឬយល់ថា ពាក្យទាំង នោះជារឿងធម្មតា។ ប្រសិនបើបន្តរីករាលដាល វាអាចបង្កឱ្យមានការធ្លាក់ចុះនៃសីលធម៌ សុជីវ ធម៌ និង ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវក្នុងសង្គមយ៉ាងខ្លាំង។
បើតាម លោក មេ សំបូ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា តាមរយៈការចុះត្រួត ពិនិត្យជាក់ស្តែងនាពេលនេះ ក្រុមការងារបានរកឃើញអាវយឺតមួយចំនួនដែលមានបោះពុម្ពជាអក្សរ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមគួរ ដែលអាចប៉ះពាល់ដល់តម្លៃសីលធម៌សង្គម។
សូមបញ្ជាក់ថា ក្នុងសកម្មភាពចុះអប់រំណែនាំ និងត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញអាវយឺតចំនួន ៤៥អាវ ដែលមានបោះពុម្ពពាក្យពេចន៍អសុរោះ មិនសមរម្យ អសីលធម៌ និងមិនគួរគប្បី ទទួលយកបានឡើយ។ ករណីនេះត្រូវបានអាជ្ញាធរចាត់ទុក ថា ជាខ្លឹមសារដែលអាចប៉ះពាល់ដល់សីល ធម៌ សុជីវធម៌ និង តម្លៃវប្បធម៌ជាតិ ដូច្នេះអាជ្ញាធរបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង និងបន្តតាមដាន និងចាត់វិធានការសមស្របជាបន្តបន្ទាប់ទៀត ដើម្បីទប់ស្កាត់ការផ្សព្វ ផ្សាយ និងចែកចាយផលិតផលប្រភេទដែលប៉ះពាល់ដល់សង្គមផងដែរ៕










ចែករំលែកព័តមាននេះ