ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា ដាំ​បន្លែ​គ្មាន​ជាតិ​គីមី សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ បង្កើន​ទំនុកចិត្ត​សម្រាប់​អ្នក​បរិភោគ

1 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ​៖ សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង កំពុង​បង្កើន​ការ​ដាំ​ដុះ​បន្លែ​គ្មាន​ជាតិ​គីមី ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អ្នក​ប្រើប្រាស់​ក្នុងស្រុក និង​រួមចំណែក​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុង​តំបន់​ផង​ដែរ​។

លោក ម៉ៅ ម៉ិ ហៅ ចន្ទ​ដា​រា លេខា​សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​ឃុំ​កោះ​រកា មាន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ ដែល​កំពុង​ចូលរួម​ដាំ​បន្លែ​បែប​ធម្មជាតិ រួម​មាន ភូមិ​ស្វាយ​ជ្រុំ ភូមិ​ដី​ស្រុត ភូមិ​ជ្រៃ​ថ្មី និង​ភូមិ​កោះ​រកា​។

បន្លែ​ដែល​ប្រជា​កសិករ​បាន​ដាំ​ដុះ​មាន​ច្រើន​ប្រភេទ ដូច​ជា ត្រសក់ ត្រឡាច ល្ពៅ ខាត់ណា ត្រប់ស្រួយ ម្ទេស និង​ម្រះ ជាដើម​។ បន្ទាប់​ពី​ប្រមូល​ផល បន្លែ​មួយ​ចំនួន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​នានា ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ តំបន់​កៀនស្វាយ អ្នក​លឿង និង​តំបន់​ផ្សេង​ៗ​ទៀត តាម​តម្រូវការ​ទីផ្សារ​។

លោក ម៉ៅ ម៉ិ ហៅ ចន្ទ​ដា​រា បាន​លើក​ឡើង​ថា សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា មាន​បំណង​ចង់ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​ស្រុក​ដទៃ​ទៀត ចូលរួម​ដាំ​បន្លែ​ធម្មជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​បន្លែ​ខ្មែរ ផ្តល់​ជម្រើស​អាហារ​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់ និង​ចូលរួម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​។

លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កោះ​រកា ឬ​តំបន់​ជិតខាង មាន​បំណង​ចង់​ដាំ​បន្លែ​បែប​ធម្មជាតិ ទាំង​សម្រាប់​ទុក​បរិភោគ​ក្នុង​គ្រួសារ និង​សម្រាប់​ផលិត​ជា​ទំនិញ​លក់​នៅ​លើ​ទីផ្សារ អាច​មក​សហការ​និង​រៀនសូត្រ​ពី​បច្ចេកទេស​ដាំ​ដុះ ជាមួយ​សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា​បាន​។ មន្ត្រី និង​សមាជិក​សហគមន៍​ត្រៀមខ្លួន​ចូលរួម​ផ្តល់​ការ​ណែនាំ និង​ចែករំលែក​បទ​ពិសោធន៍​អំពី​បច្ចេកទេស​ដាំ​ដុះ​បន្លែ​បែប​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​ដំណាំ​មានការ​លូតលាស់​ល្អ ឆាប់​ទទួល​បាន​ផល និង​មានគុណ​ភាព​។

ជាមួយ​គ្នា​នេះ សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា ក៏​សូម​អញ្ជើញ​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់ និង​អាជីវករ​ដែល​មាន​បំណង​ចង់​ទិញ​បន្លែ​បែប​ធម្មជាតិ អាច​មក​ទំនាក់ទំនង និង​ស្វែងរក​ទិញ​ផលិតផល​បន្លែ​ពី​សហគមន៍​កសិកម្ម​ឃុំ​កោះ​រកា​បាន ដើម្បី​ចូលរួម​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុងស្រុក និង​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ខ្មែរ​។

លោក ម៉ៅ ម៉ិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ដាំ​ដុះ​បន្លែ​ធម្មជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន ព្រោះ​ការ​រួម​គ្នា​ផលិត​បន្លែ​ក្នុងស្រុក មិន​ត្រឹមតែ​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ផ្គត់ផ្គង់​បន្លែស្រស់​ៗ​ដល់ទី​ផ្សារ និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​បន្លែ​នាំ​ចូល​ពី​ក្រៅប្រទេស​ផង​ដែរ​៕