ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល​ កោតសរសើរ​កម្ពុជា ​ពី​ការ​រៀបចំ​ធ្វើតេស្ត​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​អ៊ី​ស្រា​អែ​ល​ប្រកបដោយ​ស្តង់ដា និង​គុណភាព

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អ៊ី​ស្រា​អែ​ល ដឹកនាំ​ដោយ​លោកស្រី ហ្សឺ​លី រៃ​ស៊ី​ន សេ​សុ​ន (Shirley Raisin-Sasson) ប្រធាន​នាយកដ្ឋាន​កិច្ចព្រមព្រៀងទ្វេភាគី នៃ​អាជ្ញាធរ​ប្រជាជន​អន្តោប្រវេសន៍ (PIBA) នៃ​រដ្ឋ​អ៊ី​ស្រា​អែ​ល នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស​អនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី​ស្តី​ពី​ការ​ជ្រើសរើស​ពលករ​ខ្មែរ​សម្រាប់​ការងារ​បណ្តោះអាសន្ន​នៅ​ក្នុង​វិស័យ​ទីផ្សារ​ការងារ​ជាក់លាក់​នៃ​រដ្ឋ​អ៊ី​ស្រា​អែ​ល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​អ៊ី​ស្រា​អែ​ល និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អ៊ី​ស្រា​អែ​ល នា​ពេល​កន្លង​មក ជា​ពិសេស​ក្នុង​វិស័យ​ការងារ បន្ទាប់​ពី​កម្ពុជា និង​អ៊ី​ស្រា​អែ​ល ដែល​បាន​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី កាលពី​ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​។ កិច្ចព្រមព្រៀង​នេះ គឺជា​ការ​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​អ៊ី​ស្រា​អែ​ល ដែល​បាន​បង្កើត​នូវ​យន្តការ​ផ្លូវការ​សម្រាប់​ការ​ធ្វើ​ចល័ត​ភាព​កម្លាំង​ពលកម្ម​ប្រកបដោយ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​តម្លាភាព​។ ឯកឧត្តម​សង្ឃឹមថា ក្រសួង​នឹង​អាច​ចាប់ផ្តើម​បញ្ជូន​ពលករ​ទៅ​រដ្ឋ​អ៊ី​ស្រា​អែ​ល​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ស្រប​តាម​តម្រូវការ​របស់​និយោជក​អ៊ី​ស្រា​អែ​ល​។

ជា​ការ​ឆ្លើយ​តប លោកស្រី ហ្សឺ​លី រៃ​ស៊ី​ន សេ​សុ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រហូត​សម្រេច​បានការ​អនុវត្ត​កិច្ចព្រមព្រៀង ដែល​នឹង​ចូលរួម​គាំទ្រ​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​។ លោកស្រី​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​រៀបចំ​ការ​ធ្វើតេស្ត​ស្រប​តាម​ស្តង់ដា​ខ្ពស់ និង​មាន​កិច្ចសហការ​ល្អ​។ លោកស្រី​ចង់​យក​កិច្ចសហការ​នេះ​ជា​គំរូ និង​មូលដ្ឋាន​សម្រាប់​កិច្ចព្រមព្រៀងទ្វេភាគី​ផ្សេង​ទៀត​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ ដោយ​សង្ឃឹមថា ភាគី​ទាំង​ពីរ​នឹង​អាច​ពង្រីក​កិច្ចព្រមព្រៀងទ្វេភាគី​ទៅ​កាន់​វិស័យ​ផ្សេង​ៗ​ទៀត បន្ទាប់​ពី​ទទួលលទ្ធផល​ល្អ​ពី​ក្នុង​វិស័យ​កសិកម្ម​។

នៅ​ក្នុង​ដំណើរ​បេសកកម្ម​នេះ ប្រតិភូ​អ៊ី​ស្រា​អែ​ល​បាន​ចុះ​ទៅ​ពិនិត្យ​ដំណើរការ​ធ្វើតេស្ត​ជ្រើសរើស​បេក្ខជន​ទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម នៅ​គ្រប់​ដំណាក់កាល រួម​មាន ដំណាក់កាល​តេស្ត​ចំណេះដឹង​ផ្នែក​កសិកម្ម និង​ភាសា​ដោយ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI) តេស្ត​ភាព​រហ័សរហួន និង​តេស្ត​កាយសម្បទា ព្រមទាំង​បាន​ចូលរួម​សម្ភាស​បេក្ខជន​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួង​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ ប្រតិភូ​អ៊ី​ស្រា​អែ​ល​បាន​សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​ដំណើរការ​ប្រឡង​ប្រកបដោយ​ប្រសិទ្ធភាព និង​រលូន​៕ អត្ថបទសហការ