ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ដំរីព្រៃ​ចូលរាត​ត្បាត​​ភូមិ​អ្នកស្រុក​ផ្អើល​ទាំង​យប់

1 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ មានការ​ភ័យ​ស្លន់ស្លោរ​បន្ទាប់​ពី​ហ្វូង​ដំរីព្រៃ​ចំនួន ៦​ក្បាល (​ធំ​៣ កូន​៣) បាន​ចូល​មក​លុកលុយ​ក្នុងភូមិ​សាស្ត្រ នៅ​វេលា​យប់​ថ្ងៃ​ទី​៣០ សីហា ២០២៦ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ខូច ខាត​ដល់​ផលដំណាំ​កសិកម្ម​យ៉ាងដំណំ និង​តម្រូវ​ឱ្យ​អាជ្ញាធរ​ជម្លៀស​ជន​ងាយ​រង​គ្រោះ​ចេញពី​តំបន់​គ្រោះថ្នាក់ ។

យោង​តាម​ប្រភព​ពី​រដ្ឋបាល​ស្រុក​ត្បែងមានជ័យ ហ្វូង​ដំរីព្រៃ​ខាងលើ​បាន​ចូល​មក​បំផ្លាញ​ដំណាំ​ក្នុង​ឃុំ​ពោធិ៍ នៅ​ភូមិ​ជូន​គង់ ត្រពាំង​ក្រ​វ៉ា​ន់ ពាម​អា​រោ​ញ និង​ស្រោង​ស្រឡៅ ដែល​មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​សាលាឃុំ ។ ក្រៅពី​ការ​ស៊ី​ដំណាំ​ពោត និង​ដូង ដោយ​ហ្វូង​ដំរី​ក៏​មានការ​ចូលលុក​លុយ​បន្ថែម​ពី​សត្វ​ជ្រូកព្រៃ ។

លោក មឿ​ន សុ​ភេទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​កំពុង​ចុះ​ស្រង់​ទិន្នន័យ​ដើម្បី​វាយ តម្លៃ​កម្រិត​នៃ​ការ​ខូចខាត ។ យោង​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ដើម្បី​ការពារ​អាយុជីវិត​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ ដោយ​ជម្លៀស​ប្រជាពលរដ្ឋ​ចាស់ជរា និង​កុមារ ចេញពី​តំបន់​ប្រឈម​ទៅ​កាន់​ទី​សុវត្ថិភាព ឬ​សាលារៀន ។ នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​៣០ សីហា ២០២៦ ។ សកម្មភាព​នេះ​ធ្វើ​ឡើង​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​ប្រើប្រាស់​រថយន្ត និង​រទេះ​ផ្សេង​ៗ ក្រោម​ពន្លឺភ្លើង​ពិល និង​ភ្លើង​រថយន្ត ដើម្បី​ធានា​សុវត្ថិភាព​ពី​ការ​គំរាមកំហែង​របស់​សត្វព្រៃ ដោយសារ​មុន​នេះ​មាន​អ្នក​ភូមិ​២​នាក់ ត្រូវ​បាន​រង​របួស​ដោយ​ដំរី​ដេញ​ព្រិច ។

លោក ខឹ​ម សិត អភិបាលរង​ស្រុក​ត្បែងមានជ័យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាន​បញ្ជាក់​ថា ក្រុមការងារ​ចម្រុះ​កំពុង​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ដាក់​ចេញ​វិធានការ​ការពារ​យ៉ាង​តឹង​រឹង ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​សត្វព្រៃ​បន្ត​ចូល​មក​ក្នុងភូមិ រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នេះ រដ្ឋបាល​ស្រុក​បាន​អំពាវនាវ​ដល់​សាធារណជន​និង​ពលរដ្ឋ រស់នៅ​ក្បែរ​តំបន់​កើតហេតុ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​បន្ទាន់​មក​កាន់​អាជ្ញាធរ​នៅ​ពេល​សង្កេត​ឃើញ​ការ​បំ​លាស់​ទី​របស់​ហ្វូង​ដំរី ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ។ ក្រុម​មន្ត្រី​បានឱ្យ​ដឹង​ថា​ពួក​វា​បាន​ចូល​បំផ្លាញ​ដំណាំ​នៅ​តាម​ចម្ការ ។

ហ្វូង​ដំរីព្រៃ​នេះ​ធ្លាប់​បាន​ចូល​មក​ក្បែរ​ភូមិ​អ្នកស្រុក ហើយ​ក្រុមការងារ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ សហការ​ជាមួយ​បុគ្គលិក​ជំនាញ​មក​ពី​អង្គការ WCS និង​រដ្ឋបាល​ស្រុក​ត្បែងមានជ័យ ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ រហូត​មក​ដល់​ពេល​នេះ បាន​និង​កំពុង​តាមដាន​ដំណើរ​និង​ការ​ស្នាក់​នៅ​របស់​ដំរីព្រៃ​មួយ​ហ្វូង ចំនួន​៦​ក្បាល ក្នុង​នោះ​មានកូន​តូច​១​ក្បាល ដែល​បាន​ដើរ​ចូល​មក​ក្បែរ នៅ​ចំណុច​ព្រៃ​កែង ស្រោង​ស្រឡៅ នៅ​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ ក្នុងស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

ក្រុមការងារ​បាន​ចុះ​អង្កេត​ឃ្លាំមើល​ជាក់ស្តែង និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូ​ន ដើម្បី​ត្រួតពិនិត្យ​រក​ឃើញ​ហ្វូង​សត្វ​ដំរី ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣​គី​ឡី​ម៉ែត្រ​ពី​ភូមិ​អ្នកស្រុក ។ ហ្វូង​ដំរី​ខាងលើ បាន​ធ្វើ​ដំណើរ​និង​រស់នៅ ដោយ​មិន​បង្ក​បញ្ហា​អ្វី​ជាមួយ​មនុស្ស នៅ​ចំណុច​អូរ​ស្រោង​ស្រឡៅ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ពួក​វា តែ​ដោយសារ​ការ​ស្វែងរក​ចំណី ទើប​ពួក​វា​តែង​ចូល​ស៊ី​ផលដំណាំ​អ្នកស្រុក​ក្នុង​ចម្ការ ។

ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ សត្វ​ដំរីព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ មាន​ចន្លោះ​ពី​១៥​ក្បាល ទៅ​២០​ក្បាល ដែល​ត្រូវ​បាន​យកចិត្តទុកដាក់ និង​អភិរក្ស ។ ដំរីព្រៃ​ឬ​ដំរី​អាស៊ី ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក តែ​នៅ​បន្ត​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​ទិន្នន័យ​ពី​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ ក្រសួងបរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា បាន​រក​ឃើញ​ថា ដំរី​អាស៊ី​ឬ​ដំរីព្រៃ បាន​រស់នៅ​ជា​ហ្វូង ហើយ​មាន​ឃើញ កូន​តូច​ៗ​ជា​ច្រើន​ថែម​ទៀត ដែល​មាន​ប្រមាណ​៦០០​ក្បាល ។

មនុស្ស​និង​សត្វ​ដំរី​រស់នៅ​រួម​គ្នា​ក្នុង​តំបន់ការពារធម្មជាតិ​កែវ​សីមា

កន្លង​មកនេះ​នៅ​ខេត្តមណ្ឌលគិរី​បាន​បង្ហាញ​នូវ​ជម្លោះ​រវាង​មនុស្ស និង​ដំរី​ជា​ធម្មតា​តែង​កើតឡើង​ដោយសារ​ប្រតិកម្ម​បែប​អវិជ្ជមាន ដោយសារ​សត្វ​ដំរី​បំផ្លាញ​ដំណាំ និង​ផ្ទះ​របស់​មនុស្ស ហើយ​ក្នុង​ករណី​ខ្លះ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​ក៏​មាន ។ ជួនកាល មនុស្ស​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ផលដំណាំ​សម្រាប់​ចិញ្ចឹមជីវិត របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈាន​ទៅ​រក​ការ​ឆ្លើយ​តប​បែប​អវិជ្ជមាន ។ ដូច​ជា ការ​បាញ់​សម្លាប់សត្វ​ដំរី ការ​ដាក់​អន្ទាក់ និង​ការ​ប្រើ​បន្ទះ​ឈើរា​រាំង​ដោយ​ដែកគោល ដើម្បី​បញ្ឈប់​សត្វ​ដំរី​មិន​ឱ្យ​ចូល​ក្នុង​ចម្ការ​របស់​ពួក​គេ​ជាដើម ។

ក្រុមការងារ HWC នឹង​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​នៅ​ជិត​កន្លែង​ជម្លោះ ដើម្បី​ថតរូប​ភាព​សត្វ​ដំរី និង​កំណត់​អត្តសញ្ញាណ​ដំរី​នោះ ។ ការ​ធ្វើ​បែប​នេះ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមការងារ​សម្របសម្រួល​ការ​កាត់​បន្ថយ​ជម្លោះ រវាង​មនុស្ស​ជាមួយ​សត្វ​ដំរី​ទាំងនោះ​នៅ​ក្នុង​តំបន់​នា​ពេល​អនាគត នឹង​អនុញ្ញាត​ឱ្យ​ក្រុមការងារ​អាច​ផ្ដល់​ព័ត៌មាន​បានជា​មុន ប្រសិនបើ​ដំរី​ដែល​បាន កំណត់​អត្តសញ្ញាណ​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ចម្ការ​របស់​ពួក​គេ ។ អ្នក​ភូមិ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​ឧ​ឃោស​ន​ស័ព្ទ ដើម្បី​បំពង​សំឡេង ការ​ដុត​ភ្លើង​បំភ្លឺ និង​ប្រើ​ពិល​មាន​ពន្លឺ​ខ្លាំង ដើម្បី​ប្រឈម​ជាមួយ​សត្វ​ដំរីព្រៃ​នៅ​ពេល​យប់ ៕