រាជធានីភ្នំពេញ ៖ រឿងរ៉ាវដ៏ក្រៀមក្រំ និងគួរឱ្យអាណិតអាសូររបស់ក្មេងប្រុសម្នាក់បានស្តែងឱ្យឃើញពីការតស៊ូជម្នះជីវិតតាំងពីវ័យក្មេង បន្ទាប់ពីគេត្រូវបាត់បង់ឱកាសរៀនសូត្រ ហើយត្រូវរ៉ាប់រងបន្ទុកជីវិតយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិគ្រួសារបែកបាក់ និងការខ្វះខាតយ៉ាងខ្លាំង ។
ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើល និងក្តុកក្តួលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងតំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្មេងប្រុសរូបនេះមានឈ្មោះ យុទ្ធ អាយុ ១៤ឆ្នាំ បានប្រឈមមុខនឹងវាសនាដ៏ជូរចត់ ដោយរូបគេត្រូវបានឪពុកបង្កើតរត់ចោលតាំងពីអាយុ ៦ឆ្នាំ ឯម្តាយវិញ ត្រូវជាប់នៅមណ្ឌល ព្រោះតែបញ្ហាសតិ ។ បច្ចុប្បន្ន យុទ្ធ កំពុងស្នាក់អាស្រ័យ និងស្ថិតក្រោមការមើលថែទាំពីស្ត្រីម្នាក់ត្រូវជាមីងរាប់អាន ដែលបានទទួលរូបគេមកចិញ្ចឹម និងផ្តល់ជម្រក។
ដើម្បីជួយសម្រាលបន្ទុកជីវភាព និងដោះស្រាយការហូបចុកប្រចាំថ្ងៃ ក្មេងប្រុសយុទ្ធ បានសម្រេចចិត្តដើរលក់ម្ជូរឱ្យស្ត្រីជាមីងជាលើកដំបូង។ ក្នុងមួយថ្ងៃ រូបគេអាចលក់បានប្រាក់ចំណូលសរុបប្រមាណ ១០ម៉ឺនរៀល ដោយទទួលបានកម្រៃជើងសារពីមីងចន្លោះពី ១៥,០០០ រៀល ទៅ ២០,០០០ រៀល សម្រាប់ចំណាយលើហូបចុក និងតម្រូវការចាំបាច់ផ្សេងៗ។
យ៉ាងណាមិញ ក្នុងសកម្មភាពដើរលក់ដូរលើកដំបូងនេះ គ្រោះអកុសលបានកើតឡើង ដោយសារខ្វះព័ត៌មាន និងមិនបានដឹងពីបម្រាមជាមុន យុទ្ធ បានដើរលក់ចូលទៅដល់តំបន់ដែលសន្តិសុខហាមឃាត់។ ហេតុការណ៍នេះ បានបណ្តាលឱ្យសន្តិសុខប្រចាំតំបន់ឃាត់ខ្លួន និងរឹបអូសយកម្ជូរប៉ុនមាន ៤ ប្រអប់ (រួមមាន៖ ពងក្រួច, ពងមាន់, ណែម និងខ្នុរ) ដែលមានតម្លៃសរុបប្រមាណ ២ ម៉ឺនរៀល។
ប្រភពដដែលបានឱ្យដឹងថា ក្មេងប្រុសរូបនេះ ទើបតែបានទិញកូនជ្រូកសន្សំប្រាក់តម្លៃ ៣,០០០រៀល និងទើបតែសន្សំបានប្រាក់ ១ម៉ឺនរៀលប៉ុណ្ណោះ ហើយរូបគេស្ទើរតែគ្មានលុយឯណាសម្រាប់យកទៅសងថ្លៃដើមដើមម្ជូរ (តម្លៃប្រមាណ ៨ ម៉ឺនរៀល) វិញនោះឡើយ ។
បន្ទាប់ពីបានឃាត់ខ្លួន និងធ្វើការអប់រំរួច សន្តិសុខបានដោះលែងរូបគេឱ្យត្រឡប់ទៅផ្ទះវិញ។ ទោះបីជាត្រូវបាត់បង់ទំនិញលក់មួយចំនួនក៏ដោយ ក៏ស្ត្រីជាមីង មិនបានបន្ទោស ឬខឹងសម្បារលើរូបគេឡើយ ដោយគាត់មានការយោគយល់ ព្រោះតែនៅមានទំនិញមួយចំនួនទៀតសម្រាប់លក់បន្ត ។
ជុំវិញហេតុការណ៍នេះ ក្មេងប្រុស យុទ្ធ បានបញ្ចេញនូវសំណូមពរទាំងក្តុកក្តួលថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរ ឬបងៗសន្តិសុខ មេត្តាជួយប្រាប់ ឬណែនាំជាមុន ប្រសិនបើទីតាំងណាមួយហាមឃាត់មិនឱ្យលក់ ជៀសវាងការចុះចាប់ ឬរឹបអូសភ្លាមៗ ដែលធ្វើឱ្យអ្នកលក់ភ័យខ្លាច»។
ជាមួយគ្នានេះដែរ ក្មេងប្រុស យុទ្ធ ក៏បានផ្ញើសាររំលឹក និងដាស់តឿនដល់បងប្អូនអាជីវករ ឬអ្នកដើរលក់ដូរដទៃទៀតថា ប្រសិនបើដឹងថាទីតាំងណាមួយត្រូវបានអាជ្ញាធរហាមឃាត់ មិនគួរចូលទៅលក់ដូរឡើយ ដើម្បីជៀសវាងការប្រឈមមុខនឹងបញ្ហារញ៉េរញ៉ៃ ឬត្រូវគេចាប់រឹបអូសយកទំនិញដូចរូបគេ៕




ចែករំលែកព័តមាននេះ