អាជ្ញាធរខណ្ឌ៧មករាចុះត្រួតពិនិត្យទីតាំងផ្សារ«ស៊ីធីម៉ល» សង្ស័យមានបង្កប់ល្បែ.ងស៊ីសងប្រភេទហ្គេមបាញ់ត្រី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថា ទីតាំងផ្សារស៊ីធីម៉ល សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី នៅខាងក្នុង ដូច្នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះដល់ទីតាំងនិងត្រួតពិនិត្យ។ជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែប្រភេទហ្គេមកូនក្មេង ទិញកាក់ លេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាតែប៉ុណ្ណោះ ។

សូមជម្រាបជូនថា ការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ ដោយមានការបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៊ីសងឡើយ។

នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យាចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ