* កីឡាករអាន់តូនីញ៉ូ វ៉ាលេនស៊ី បន្តកិច្ចសន្យារយៈពេល៤ឆ្នាំ ស្ថិតនៅក្នុងក្លឹប Man Utd រយៈពេលវែង
អាន់តូនីញ៉ូ វ៉ាលេនស៊ី បានបង្ហាញទម្រង់លេងដ៏លេចធ្លោ បន្ទាប់ពីផ្លាស់ចេញពីក្លឹប Wigan មកលេងឱ្យ Man Utd កាលពីឆ្នាំ២០០៩ ក្នុងតម្លៃខ្លួន១៦លានផោន។ ចុងក្រោយនេះ ក្លឹប Man Utd បានបន្តកិច្ចសន្យាដល់កីឡាករវ៉ាលេនស៊ីរយៈពេល៤ឆ្នាំទៀត ដែលកិច្ចសន្យាចាស់នៅសល់រយៈពេល២ឆ្នាំ។ លោកអាឡិច ហ្វើគូសុនបានឱ្យដឹងថា កីឡាករអាន់តូនីញ៉ូ វ៉ាលេនស៊ី មានទម្រង់លេងឆ្នើម ទាំងល្បឿនរត់ និងការចែកបាល់ដែលចាត់ទុកថា ជាសម្បត្តិដ៏សំខាន់របស់យើង ។ ជាមួយនេះ គេជាកីឡាករមានបុគ្គលិកលក្ខណៈមាំមួន បន្ទាប់ពីជាសះស្បើយពីរបួសកាលពីឆ្នាំមុន។
* ក្លឹប Paris ចំណាយប្រាក់៤៣លានអឺរ៉ូទិញកីឡាករហ្សាវៀ ប៉ាស្ទ័ររ៉េ ខ្សែបម្រើក្លឹប Palermo
សារព័ត៌មាននៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយដោយយោងលើការបង្ហើបឱ្យដឹងរបស់លោកម៉ាវរីស៊ីយ៉ូ សាមប៉ារីនី ប្រធានក្លឹប Palermo ថា កីឡាករហ្សាវៀ ប៉ាស្ទ័ររ៉េ ខ្សែបម្រើជនជាតិអាហ្សង់ទីន ក្លាយជាកីឡាករថ្មីរបស់ក្លឹប Paris ជាក្លឹបល្បីនៅក្របខណ្ឌបាល់ទាត់បារាំង ក្រោយពីព្រមព្រៀងលើតម្លៃខ្លួន៤៣លានអឺរូ។
*កីឡាកររ៉ូណាល់ឌីញ៉ូមានគម្រោងវិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ
យោងទៅតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១១ បានឱ្យដឹងថា កីឡាករជើងចាស់រ៉ូណាល់ឌីញ៉ូ មានគម្រោងវិលត្រឡប់ចូលលេងឱ្យក្រុមជម្រើសជាតិវិញ បន្ទាប់ពីរូបលោកអវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង ។ កីឡាករមិនសូវបានសម្រស់រូបនេះបាននិយាយថា ៖ «គោលដៅចម្បងរបស់ខ្ញុំ គឺនៅជាមួយក្លឹប Flamengo ក៏ប៉ុន្តែប្រសិនគ្រូបង្វឹកក្រុមជម្រើសជាតិត្រូវការខ្ញុំនឹងទៅចូលរួមភ្លាម» ។ លោកបានបន្តទៀតថា ក្នុងអាណត្តិគ្រូបង្វឹកចាស់ គឺលោកទុង ហ្គា បានទុករូបខ្ញុំចោល តែខ្ញុំនៅតែមានសង្ឃឹមថា គ្រូបង្វឹកថ្មី នឹងបញ្ចូលខ្ញុំក្នុងចំណោមកីឡាករជម្រើស២៣រូប ។ គ្រូបង្វឹកថ្មីលោក Menezes ដែលបានចូលមកអង្គុយកៅអីរបស់លោកទុងហ្គា បានជ្រើសរើសយកកីឡាកររ៉ូណាល់ឌីញ៉ូ ក្នុងការប្រកួតមិត្តភាពជាមួយអាហ្សង់ទីន ក៏ប៉ុន្តែមិនបានហៅរូបលោកឱ្យចូលលេងក្នុងការប្រកួតពានរង្វាន់កូប៉ាអាមេរិក កាលពីខែកក្កដាកន្លងទៅនេះទេ ។ ទោះបីជាមិនបានចូលលេងក្នុងការប្រកួតកូប៉ាអាមេរិក បែបនេះក្តី កីឡាកររ៉ូណាល់ឌីញ៉ូ គ្មានការអាក់អន់ចិត្តអ្វីដែរ ក៏ប៉ុន្តែសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ដែលធ្វើឡើងក្នុងប្រទេសរបស់លោក កីឡាកររូបនេះសង្ឃឹមថា គ្រូបង្វឹក Menezes នឹងជ្រើសរើសរូបលោកឱ្យចូលលេង។ គួររំលឹកដែរថា កីឡាកររ៉ូណាល់ឌីញ៉ូ បច្ចុប្បន្នមានវ័យ៣១ឆ្នាំកំពុងលេងឱ្យក្លឹប Flamengo ក្នុងក្របខណ្ឌប្រេស៊ីល សេរី A បន្ទាប់ពីរូបលោកចាកចេញពីក្លឹប Milan ។ នៅក្នុងក្លឹប Flamengo លោកស៊ុតបាល់បញ្ចូលទីបាន៩គ្រាប់ក្នុង១៣ប្រកួត។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិគឺស៊ុតបាល់បាន៣២គ្រាប់ក្នុងការបង្ហាញវត្តមាន៨៨ប្រកួត ។
* ក្លឹប Newcastle យល់ព្រមឱ្យកីឡាករចូអ៊ី បាតុន ចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន
កីឡាករចូអ៊ី បាតុន ខ្សែបម្រើក្លឹប Newcastle នៅសល់កិច្ចសន្យារយៈពេល១ឆ្នាំទៀត និងមិនបានបន្តកិច្ចសន្យាថ្មីទេ ដោយខ្សែបម្រើអាយុ២៨ឆ្នាំរូបនេះធ្លាប់បង្ហាញតម្រូវការស្ថិតក្នុងក្លឹបរហូតដល់បញ្ចប់កិច្ចសន្យា។ កាលពីថ្ងៃទី៣១ កក្កដា កន្លងមក អតីតខ្សែបម្រើក្លឹប Man City រូបនេះបានបង្ហាញការយល់ឃើញដោយរិះគន់លើនយោបាយទិញ-លក់ កីឡាកររបស់អ្នកគ្រប់គ្រងក្លឹបNewcastle បញ្ហានេះជាចំណុចនៃការបែកបាក់សាមគ្គីធ្វើឱ្យក្លឹប Newcastle សម្រេចចិត្តយល់ព្រមឱ្យកីឡាករបាតុនចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។
* ក្លឹប Juventus គ្រោងទិញកីឡាករឌីយេហ្គោលូកាណូ ខ្សែការពារក្លឹប Fenerbahce
សារព័ត៌មានបរទេសផ្សាយថា ក្លឹបសេះបង្កង់ Juventus នៅក្នុងក្របខណ្ឌបាល់ទាត់ Calcio Serie A អ៊ីតាលី ក្រោយពីទទួលបានកីឡាករអាន់តូនីញ៉ូ ខុនតេ អតីតកីឡាកររបស់កឹ្លបមកកាន់តំណែងជាគ្រូបង្វឹក បច្ចុប្បន្នធ្វើឱ្យក្លឹបមានការកែសម្រួលយ៉ាងល្អក្នុងរដូវកាលថ្មី ២០១១-២០១២ ។ ចុងក្រោយនេះ ក៏មានចំណាប់អារម្មណ៍លើកីឡាករឌីយេហ្គោ លូកាណូ ខែ្សការពារនិងជាប្រធានក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ជាជើងឯកបាល់ទាត់ Copa America 2011និងក្លាយជាកីឡាករឆ្នើមនៅក្នុងការប្រកួតខាងលើ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Fenerbahce ក្នុងប្រទេសតួកគី។មានការរំពឹងទុកថាក្លឹប Juventus នឹងចំណាយ៣,៥លានផោន សម្រាប់ទិញខែ្សការពារអាយុ៣០ឆ្នាំរូបនេះ។
* កីឡាករស៊័រគីអូ អាគូអេរ៉ូ ផ្លាស់ចេញពីក្លឹប At-Madrid លេងឱ្យក្លឹប Man City ដើម្បីដណ្តើមជើងឯក
កីឡាករអាគូអេរ៉ូ ខ្សែប្រយុទ្ធក្លឹប At-Madrid ផ្លាស់មកលេងឱ្យក្លឹប Man City ក្នុងតម្លៃខ្លួន៣៨លានផោន ដោយមានកិច្ចសន្យារយៈពេល៥ឆ្នាំ និងពាក់អាវលេខ១៦។ កីឡាកររូបនេះបានឱ្យដឹងពីជំនឿចិត្តថា «ខ្ញុំនឹងដឹកនាំក្លឹបថ្មី (Man City) ដណ្តើមជើងឯក និងជ័យជម្នះដល់ក្លឹបប្រៀបដូចដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនដណ្តើមបានមេដាយមាសអូឡាំពិក២០០៨ រួមទាំងធ្លាប់ដឹកនាំក្លឹប At-Madrid ក្លាយជាជើងឯកអឺរ៉ូប៉ាលីក ឬយូហ្វា (UEFA) កាលពីឆ្នាំ២០០៩។ ខ្ញុំបានឃើញ Man City ដណ្តើមជើងឯក Fa Cup កាលពីរដូវកាលមុន ហើយខ្ញុំគិតថានៅពេលអនាគត ក្លឹបរបស់យើងនឹងក្លាយជាជើងឯកប្រឺមីញេលីកបាន»។
* កីឡាករបេនន័រ ផ្លាស់ចេញពីក្លឹប Arsenal ទៅលេងឱ្យក្លឹប Lisbon ក្នុងតម្លៃខ្លួន៩លានផោន
នីកក្លាស បេនន័រ ខ្សែប្រយុទ្ធក្លឹប Arsenal ផ្លាស់ទៅលេងឱ្យក្លឹប Lisbon របស់ព័រទុយហ្គាល់ក្នុងតម្លៃខ្លួន៩លានផោន។ សារព័ត៌មានបរទេសផ្សាយថា ក្លឹបកាំភ្លើងធំ Arsenal យល់ព្រមឱ្យកីឡាករនីកក្លាសបេនន័រ ខ្សែប្រយុទ្ធជនជាតិដាណឺម៉ាក ទៅលេងឱ្យក្លឹប Lisbon បន្ទាប់ពីទើបទទួលបានកីឡាករស៊ែវីនយ៉ូ ខ្សែប្រយុទ្ធក្លឹប Lille មកពង្រឹងក្លឹបកាលពីសប្តាហ៍មុន។ សម្រាប់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជនជាតិដាណឺម៉ាកអាយុ២៣ឆ្នាំ រូបនេះអាចមានប្រហែល៩លានផោន ហើយកីឡាករបេនន័រ រួមទាំងក្រុមគ្រួសារ នឹងធ្វើដំណើរទៅក្លឹប Lisbon ក្នុងដំណាច់សប្តាហ៍នេះ៕
ចែករំលែកព័តមាននេះ