ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ផ្តល់​ទាំង “​ចំណេះ និង​ចំណូល​” ហើយ​បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជាង២​ពាន់​កន្លែង និង​កម្មវិធី TVET ជូន​ដល់​អតីត​ពលករ និង​សិស្ស​ទើប​ប្រឡង់​បាក់​ឌុ​ប​ដល់​មូលដ្ឋាន​ក្នុងស្រុក​តា​លោ​សែន​ជ័យ

1 ខែ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​នាំ​យក​ឱកាស​ការងារ​ចំនួន ២,៦៤៥​កន្លែង អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ជាង៦០០​នាក់ ជា​ពិសេស​សម្រាប់​អតីត​ពលករ​ពី​ប្រទេស​ថៃ យុវជន​រក​ការងារ​ធ្វើ និង​សិស្ស​ទើប​ប្រឡង​បាក់​ឌុ​ប​រួច នៅ​ក្នុង​បរិវេណ​សាលាស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០២៦ ​។

ថ្លែង​ក្នុង​វេទិកា​ក្រោម​ប្រធានបទ “​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​” ឯកឧត្តម ឡេ​ង សែ រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មានឱកាស​ការងារ​ជាង ៩០,៨០០​កន្លែង​ នៅ​ទូ​ទាំង​ប្រទេស ដែល​បងប្អូន​អាច​ចុះ​ឈ្មោះ សម្ភាស និង​ទទួល​បានការ​ងារ​ភ្លាម​ៗ ​។

ឯកឧត្តម​គូសបញ្ជាក់​ថា ក្រសួង​ចង់ឱ្យ​បងប្អូន​មានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា ជា​ពិសេស​គឺ​ការងារ​ក្នុងស្រុក​នៅ​តាម​រោងចក្រ សហគ្រាស ដែល​ជួយ​ផ្តល់​ចំណូល​ដល់​ខ្លួនឯង បំពេញតម្រូវការ​កម្លាំង​ពលកម្ម និង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ដោយ​ផ្ទាល់ ព្រមទាំង​ផ្តល់​សុភមង្គល​ក្នុង​គ្រួសារ​ផង​ដែរ​។ ក្រៅពី​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន បងប្អូន​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ប៉ុន្តែ​ការងារ​ចំណាកស្រុក​នៅ​ថៃ​ ប្រឈម​ហានិភ័យ​សុវត្ថិភាព កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ខ្វះ​ការ​គាំពារ​សុខភាព រើសអើង និង​រស់នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ​។

ជាមួយ​គ្នា​នេះ បងប្អូន​ដែល​មាន​ជំនាញ​ផ្នែក​សំណង់ ប៉ុន្តែ​មិន​ទាន់​មាន​វិញ្ញាបនបត្រ​បញ្ជាក់ ក្រសួង​ក៏​បាន​រៀបចំ​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន ដើម្បី​ឱ្យ​បងប្អូន​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញ​ជា​ផ្លូវការ​ផង​ដែរ​។ ក្រៅពី​នេះ បងប្អូន ឬ​សិស្ស​ទើប​ប្រឡង​បាក់​ឌុ​ប​រួច​ក៏​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិតថ្លៃ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ជា​ច្រើន​តាម​រយៈ​កម្មវិធី TVET ១,៥​លាន​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់​ដែល​មាន​គ្រូ​ល្អ បរិក្ខារ និង​ឧបករណ៍​សិក្សា​ទំនើប​ៗ​។ សម្រាប់​គ្រួសារ​ងាយ​រង​គ្រោះ​គឺ​បាន​ទាំង​“​ចំណេះ​និង​ចំណូល​”​។ ឯកឧត្តម​បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ឱ្យ​ជួយ​សម្របសម្រួល​មធ្យោបាយ​ធ្វើ​ដំណើរ​ដើម្បី​ដឹក​សិស្សានុសិស្ស យុវជន និង​អតីត​ពលករ​ទៅ​មើល​វិទ្យាស្ថាន និង​ឈ្វេងយល់​ពី​ជំនាញ​ដ៏​សម្បូរ​បែប​ ។

ក្រៅពី​ការងារ​ក្នុងស្រុក ក្រសួង​ក៏​កំពុង​ផ្តល់​ឱកាស​ការងារ​ក្រៅប្រទេស​ប្រកបដោយ​សុវត្ថិភាព និង​ប្រាក់ខែ​ខ្ពស់​ផង​ដែរ​។ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ជួយ​បន្ត​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ហើយ​បើ​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់​ព័ត៌មាន​ពី​ឱកាស​ការងារ ឬ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​លេខ ១២៨៦ សម្រាប់​ផ្នែក ប​.​ស​.​ស​. ។

សូម​បញ្ជាក់​ថា ឱកាស​ការងារ​ទាំងនោះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី​, រោងចក្រ មី​នេ​បៀ (​ខេ​ម​បូ​ឌា​), ធនាគារ វឌ្ឍន​:​អាស៊ី ចំកាត់​(ABA) ខេត្តពោធិ៍សាត់​, សិប្បកម្ម សាន​ពៅ និង​រោងចក្រ វ៉ា​ន់​លី ថា​យ​អឺរ (​ខេ​ម​បូ​ឌា​) ឯ​.​ក ព្រមទាំង​ក្រុមហ៊ុន​ជ្រើសរើស​កម្លាំង​ពលកម្ម​ក្រៅប្រទេស រួម​មាន ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍ និង​ក្រុមហ៊ុន មង្គល អេ​ច​អ ​៕