ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជិត៥០០​ពាន់​លាន​រៀល គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម២​ឆ្នាំ

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ៤៨៦,៦១៣​លាន​រៀល ឬ​ជិត៥០០​ពាន់​លាន​រៀល ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ និង​ការ​គាំពារ​ជូន​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២​ឆ្នាំ​ ។

តាម​ទិន្នន័យ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​រយៈពេល​ជាង​៨​ឆ្នាំ​នេះ មាន​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​មាន​ផ្ទៃពោះ​សរុប ៧៩៩,១២៣​នាក់ ដែល​ទទួល​បានការ​គាំពារ​តាម​រយៈ​ការ​ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ពេល​សម្រាល ក្រោយ​សម្រាល និង​ការ​ចាក់​វ៉ាក់សាំង​ជូន​កូន ដោយ​មាន​ចំនួន​កូន​សរុប ៨៩២,០៧៥​នាក់ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយ ​នៃ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ដែល​មាន​គោលបំណង​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​មាតា និង​កុមារ ព្រមទាំង​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​គ្រួសារ​កម្មករនិយោជិត ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ មិន​ត្រឹមតែ​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ធានា​ឱ្យ​មាតា និង​កុមារ​ទទួល​បានការ​គាំពារ​សុខភាព​កាន់តែ​ប្រសើរ​»​។

សមាជិក ប​.​ស​.​ស​. និង​កម្មករនិយោជិត​ដែល​ត្រូវការ​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម អាច​ទាក់ទង​ទៅ​លេខ ១២៨៦៕