រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់ខ្លួន និងរកឃើញអ្នកពាក់ព័ន្ធសរុប ចំនួន១៤នាក់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកជិត៣,០០០គ្រឿង ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ផ្អែកតាមរបាយការណ៍របស់អាជ្ញាធរ លទ្ធផល នៃការចុះឆែកឆេរទីតាំងទាំង ២គោលដៅ រួមមាន ៖
គោលដៅទី១ ៖ (ផ្ទះលេខ១២៨G១០ មហាវិថីសម្ដេចសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់) សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ០៧នាក់ (ស្រី ០១នាក់) ក្នុងនោះមានជនជាតិចិន ០១នាក់ និងជនជាតិខ្មែរ ០៦នាក់។
ជាមួយគ្នានេះ អាជ្ញាធរបានដកហូតវត្ថុតាងរួមមាន ៖ ទូរសព្ទដៃប្រហាក់ប្រហែល ៣,០០០គ្រឿង, កុំព្យូទ័រ All In One ចំនួន ២១១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១៦គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
គោលដៅទី២ ៖ (ផ្ទះជួលលេខ 49Eo ផ្លូវលេខ២១ ភូមិ៧ សង្កាត់ទន្លេបាសាក់) សមត្ថកិច្ចបានរកឃើញមនុស្សស្នាក់នៅសរុប ០៧នាក់ (ស្រី ០៤នាក់) ក្នុងនោះមានជនជាតិចិន ០៣នាក់ និងជនជាតិខ្មែរ ០៤នាក់ ។
រដ្ឋបាលខណ្ឌចំការមនបានចុះពិនិត្យទីតាំងសង្ស័យចំនួន ២កន្លែង ដោយបានឃាត់ខ្លួនមនុស្ស ០៧នាក់ និងរកឃើញអ្នកពាក់ព័ន្ធសរុប ១៤នាក់ ។
បច្ចុប្បន្ន វត្ថុតាង និងមនុស្សដែលត្រូវបានឃាត់ខ្លួន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីកោសល្យវិច័យ និងអនុវត្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ