ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា និងប្រធានសភាអន្តរជាតិអះអាងការប្តេជ្ញារួម ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី

2 ខែ មុន

រាជធានីភ្នំពេញ៖ ប្រធានសភា និងតំណាងសភាមកពីតំបន់នានាជុំវិញពិភពលោក បានអនុម័ត ​«សេចក្តីប្រកាសទីក្រុងភ្នំពេញ»​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

សេចក្តីប្រកាសបានបញ្ជាក់ថា សហគមន៍អន្តរជាតិកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន រួមមានជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការរំខានផ្នែកបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាព។ ក្នុងបរិបទនេះ អ្នកចូលរួមបានបញ្ជាក់ជាថ្មីនូវការគោរពអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សន្និសីទបានចាត់ទុក ​ការទូតសភា និងពហុភាគីនិយម​ ជាឧបករណ៍សំខាន់សម្រាប់កសាងទំនុកចិត្ត បង្ការជម្លោះ លើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ សភានានាត្រូវបានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនៅថ្នាក់តំបន់ និងសកល។

ក្នុងវិស័យអភិវឌ្ឍន៍ និងសន្តិសុខមនុស្ស អ្នកចូលរួមបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព សន្តិសុខស្បៀង ថាមពល និងសុខភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាពបរិស្ថាន ព្រមទាំងការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ សន្និសីទបានសម្រេចបន្តពង្រឹង ISC តាមរយៈការបង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងការផ្លាស់ប្តូរបទពិសោធផ្នែកនីតិកម្ម ចំណេះដឹង និងឧត្តមានុវត្តន៍ ព្រមទាំងគាំទ្រការកសាងសមត្ថភាព និងការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន។ សន្និសីទក៏បានស្វាគមន៍ ​សាធារណរដ្ឋឥណ្ឌូណេស៊ី​ ដែលនឹងធ្វើជាម្ចាស់ផ្ទះ ISC-3 នៅឆ្នាំ២០២៧។

ទន្ទឹមនេះ ប្រធានសភា និងតំណាងសភាដែលចូលរួមបានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម នៅតែជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ គ្រប់ភាគីប្តេជ្ញាបន្តរួមគ្នាគោរព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី ពង្រឹងការទូតសភា និងចូលរួមកសាងពិភពលោកប្រកបដោយសន្តិភាព បរិយាបន្ន យុត្តិធម៌ និងវិបុលភាព៕​