ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ.ងយូគី ដូចចេះឆ្ពិនភ្នែក «ប៉ូលិសមកដល់គេបិទ ប៉ូលិសចេញផុត បើក​»

1 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ ទីតាំង​ល្បែងស៊ីសង​ប្រភេទ «​យូគី​» ដែល​គេ​ហៅ​ថា «​ខែ​ឆ្នាំ​ទាំង ​១២» នៅ​ក្នុងភូមិ​គោក​ពោធិ៍ ឃុំ​គោក​ពោធិ៍ ស្រុក​បុរី​ជលសារ ខេត្តតាកែវ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា នៅ​តែ​បន្តសកម្មភាព​លេង​ជា​ប្រចាំ បើ​ទោះបីជា​មានការ​លើក​ឡើង​អំពី​ការ​ចុះ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ក៏​ដោយ​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ច​ម្ង​ល់ គឺ​នៅ​ពេល​សមត្ថកិច្ច​ដាក់​កម្លាំង​ចុះ​ល្បាត​ទៅ​កាន់​ទីតាំង​ខាងលើ គឺ​មិនឃើញ​មាន​សកម្មភាព​លេងល្បែង​ស៊ីសង ប៉ុន្តែ​ពេល​កម្លាំង​ត្រឡប់​ចេញ​វិញ សកម្មភាព​លេងល្បែង​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់ ​។

ជុំវិញ​បញ្ហា​ខាង​លើ លោក នៅ សុ​គុណ អធិការ​នគរបាល​ស្រុក​បុរី​ជលសារ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​ ២៨ ខែសីហា ឆ្នាំ​ ២០២៦ ​នេះ​ថា លោក​អស់​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ទីតាំង​នេះ​ហើយ ដោយសារ​រាល់ពេល​ដាក់​កម្លាំង​ចុះ​ទៅ​ពិនិត្យ មិនឃើញ​មាន​បទល្មើស​ល្បែងស៊ីសង ប៉ុន្តែ​ក្រោយ​ពេល​កម្លាំង​ត្រឡប់​មក​វិញ ទីតាំង​នោះ​ត្រូវ​បាន​អះអាង​ថា ចាប់ផ្តើម​លេង​បន្ត​ទៀត ​។

ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សួរ​ថា បើ​សមត្ថកិច្ច​ដឹង​ថា ​មាន​ទីតាំង​សង្ស័យ​ថា ​បើក​ល្បែង ហើយ​ដឹង​ថា ​សកម្មភាព​តែងតែ​បញ្ឈប់​នៅ​ពេល​កម្លាំង​ចុះ​ដល់ តើ​វិធានការ​បង្ក្រាប​ត្រូវធ្វើ​យ៉ាងណា ទើប​អាច​បញ្ចប់​សកម្មភាព​នេះ​បាន ? ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ដោយ​ចំ​ៗ​ថា ប្រសិនបើ​ល្បែងស៊ីសង​ពិតជា​បន្ត​កើត​មាន​ដដែល បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចាកចេញ តើ​គោលនយោបាយ «​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​» នឹង​អាច​អនុវត្ត​បាន​ប្រសិទ្ធភាព​យ៉ាងដូចម្តេច ?

ពលរដ្ឋ​ក៏​ចង់​ឃើញ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ជាង​ការ​ចុះ​ល្បាត​មួយ​ភ្លែត ហើយ​ត្រឡប់​ចេញ​វិញ ព្រោះ​ប្រសិនបើ​សកម្មភាព​ល្បែង​អាច «​បិទ​ពេល​ឃើញ​សមត្ថកិច្ច បើក​វិញ​ពេល​សមត្ថកិច្ច​ចេញ​» នោះ​ការ​បង្ក្រាប​ប្រហែលជា​នឹង​ក្លាយទៅជា​ការ​លេងល្បែងឆ្ពិនភ្នែក​ «​ចាប់​ស៊ី​-​ចាប់​គេច​» រវាង​អ្នក​បើក​ល្បែង និង​សមត្ថកិច្ច​ទៅ​វិញ ​។

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ពិនិត្យ​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ចុះ​ស្រាវជ្រាវ​ទីតាំង​ជាក់ស្តែង និង​ប្រើ​វិធានការ​តាម​ផ្លូវច្បាប់ ប្រសិនបើ​រក​ឃើញ​ថា​មានការ​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​ក្លាយជា​ករណី «​ដឹង​ថា​មាន តែ​បង្ក្រាប​មិន​បាន​» ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ការ​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​