ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធនៅខេត្តពោធិ៍សាត់

2 អាទិត្យ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ វគ្គ​បណ្ដុះបណ្ដាល និង​អប់រំ​ផ្សព្វផ្សាយ​ស្ដី​ពី «​តួនាទី ភារកិច្ច របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​លិខិត​បទដ្ឋាន​ជាតិ អន្តរជាតិ លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ទារុណកម្ម​» បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​ទេព​ឧកញ៉ា​ឃ្លាំងមឿង​សាលា​ខេត្ត​ពោធិ៍សាត់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​27 ​ខែសីហា​ ឆ្នាំ​2026 ក្រោម​អធិបតីភាព ឯកឧត្តម កែវ តារា​ពង្ស អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ស្ថាប័ន​តុលាការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រី​ពន្ធនាគារ អភិបាលក្រុង​ស្រុក និង​មេឃុំ​ចៅសង្កាត់​ទូ​ទាំង​ខេត្តពោធិសាត់​ ។

លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្ត​មាន​មតិ​ស្វាគមន៍ ព្រមទាំង​បាន​លើក​ឡើង​ថា ការ​ប្រឆាំង​ទារុណកម្ម​គឺជា​បញ្ហា​ដ៍​សំខាន់​មួយ ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស និង​នីតិរដ្ឋ ​។ ​ការ​ធានា​ថា​ បុគ្គល​គ្រប់​រូប ទោះបី​ស្ថិត​ក្នុង​​ស្ថានភាព​ណាក៍ដោយ  ត្រូវ​ទទួល​បានការ​គោរព​និង​ការ​ការពារ​តាម​ច្បាប់ គឺជា​មូលដ្ឋាន​​ដ៏​​សំខាន់​សម្រាប់​កសាង​សង្គម​មួយ ដែល​មាន​យុត្តិធម៌ សន្តិភាព សុវត្ថិភាព និង​ការ​គោរព​​គ្នា​ទៅ​វិញ​ទៅ​មក​។

វគ្គ​បណ្ដុះបណ្ដាល​នេះ ​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ពង្រឹង​ការ​យល់​ដឹង​បន្ថែម​អំពី​ច្បាប់​លិខិត​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ ទប់ស្កាត់ និង​លុប​បំបាត់​រាល់​ទម្រង់​នៃ​ទារុណកម្ម​ ។ លើកកម្ពស់​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់ ក្នុង​ការ​បំពេញភារកិច្ច​ឱ្យ​ស្រប​តាម​គោលការណ៍​សិទ្ធិ​​មនុស្ស​។

អង្គពិធី​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​លោក នៅ រិ​ទ្ធិ គ្រូឧទ្ទេស​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ដោយ​បាន​ផ្តោត​លើ​ចំណុច​សំខាន់​ៗ រួម​មាន​៖ តួនាទី​និង​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​, យន្តការ​តាមដាន ត្រួតពិនិត្យ និង​ការ​ចុះ​វាយតម្លៃ​នៅ​តាម​ទីតាំង​ឃាត់ខ្លួន ឬ​រង​ការ​ដកហូត​សេរីភាព ដើម្បី​ធានា​ថា​គ្មាន​ការ​ប្រព្រឹត្ត​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​កើតឡើង​ឡើយ​។ វិធាន​អង្គការសហប្រជាជាតិ ស្ដី​ពី​បទដ្ឋាន​អប្បរ​មា សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាប់​ឃុំ  ដើម្បី​ធានា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធិ​មូលដ្ឋាន​របស់​ជន​ជាប់​ឃុំ​ ។

ឯកឧត្តម កែវ តារា​ពង្ស អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថ​កិច្ច មន្ត្រី​សាធារណៈ និង​អ្នក​ពាក់ព័ន្ធ ឲ្យ​យល់​ដឹង​ច្បាស់​អំពី​កាតព្វកិច្ច​និង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ស្រប​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ ។ ការងារ​ប្រឆាំង​ទារុណកម្ម​ជា​កាតព្វ​កិច្ច​រួម​គ្នា ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ក្រសោប​យកចំណេះ​ដឹង​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ទៅ​អនុវត្ត​ជាក់ស្តែង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ទទួលខុសត្រូវ គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់​ជា​ធរមាន ដើម្បី​រួមចំណែក​លុប​បំបាត់​អំពើ​ទារុណកម្ម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។