រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងវិបុលភាពរួម គឺជាគោលដៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ខណៈពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ជម្លោះ និងបញ្ហាប្រឈមឆ្លងដែនកាន់តែច្រើន ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចពិភាក្សាទូទៅ ក្រោមមូលបទ ៖ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី” នៃសន្និសីទប្រធានសភា និងអន្តរសភា (ISC-2) នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ នៅសាលសន្និសីទ GDT រាជធានីភ្នំពេញ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមទាំងឡាយដោយខ្លួនឯងបានឡើយ ដូច្នេះកិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់ គឺជាតម្រូវការជាក់ស្តែង ។ ឯកឧត្តមបានបញ្ជាក់ថា សន្តិភាពមិនអាចចាត់ទុកថានឹងមានជារៀងរហូតដោយស្វ័យប្រវត្តិនោះទេ ព្រោះជម្លោះអាចបំផ្លាញការអភិវឌ្ឍដែលបានកសាងអស់ជាច្រើនទសវត្សរ៍ក្នុងរយៈពេលដ៏ខ្លី ។
សម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជិត ៣ទសវត្សរ៍ ឯកឧត្តមបានលើកឡើងថា សន្តិភាពមិនមែនគ្រាន់តែជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់ និងជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច ការវិនិយោគ ការអប់រំ វឌ្ឍនភាពសង្គម និងអនាគតរបស់ប្រជាជន ។ ជាមួយគ្នានេះ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ត្រូវបានចាត់ទុកជាគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយរួមមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ។
ពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវវិធីសាស្ត្រសន្តិវិធី និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ ។ កម្ពុជាបានចាប់ផ្តើមដំណើរការសម្រុះសម្រួលជាកាតព្វកិច្ច តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដោយចាត់ទុកថា ជំហាននេះមិនមែនជាការប្រឈមមុខ ឬបង្កើនភាពតានតឹងឡើយ ប៉ុន្តែជាជំហានសន្តិវិធី ស្របច្បាប់ និងស្ថាបនា ។
ឯកឧត្តមបានអំពាវនាវឱ្យមានការអនុវត្តពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ នូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ព្រមទាំងជំរុញឱ្យចាប់ផ្តើមឡើងវិញនូវការងារស្ទង់មតិ និងកំណត់ព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ។ ឯកឧត្តមក៏បានព្រមានថា សកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍នៅលើដីកាន់តែស្មុគស្មាញ ឬរារាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព អាចប៉ះពាល់ដល់ដំណើរការសន្តិវិធីរបស់ភាគីទាំងពីរ ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា គោលដៅរបស់កម្ពុជាគឺការស្វែងរកដំណោះស្រាយព្រំដែនប្រកបដោយសន្តិវិធី និងយូរអង្វែង ដើម្បីឱ្យប្រជាជនកម្ពុជា និងថៃ អាចរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងចែករំលែកវិបុលភាព ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាដែលធ្លាប់ឆ្លងកាត់ផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម ដឹងយ៉ាងច្បាស់ពីតម្លៃសន្តិភាព ហើយសន្តិភាពត្រូវការការពារ និងថែរក្សាជារៀងរាល់ថ្ងៃ ខណៈច្បាប់អន្តរជាតិត្រូវតែជាមូលដ្ឋានរួមសម្រាប់ការដោះស្រាយវិវាទ និងការកសាងវិបុលភាពរួម ៕


ចែករំលែកព័តមាននេះ